សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន នឹងបន្តរីកចម្រើនឥតឈប់ឈរ មិនមែនត្រឹមផ្លូវជាតិលេខ៧ ឡើយ


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃចំណងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧ ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនោះឡើយ ប៉ុន្តែនឹងបន្តរីកចម្រើនទៅមុខឥតឈប់ឈរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

ការបញ្ជាក់បែបនេះរបស់សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូល ស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) មានតម្លៃប្រមាណ ១១៧លានដុល្លារ ដោយស្ថាបនាឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះសមិទ្ធផលនានា ដែលបានកើតមានឡើងនៅលើទឹកដីរបស់កម្ពុជា គឺបានប្រសូត្រឡើងពីជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ គឺអាចនិយាយបានថាជានិមិត្តរូបនៃទំនាក់ទំនង និងការបន្តនៃចីរភាពទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។ ពីព្រោះពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ជាមួយលោក វ៉ាង វិនធាន​ អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន​ ប្រចាំកម្ពុជា។ ចំណែកឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ថិតនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា ប៉ុន្តែសមិទ្ធផលនៅដដែលដោយបន្តដំណើរកសាងទៅមុខជានិច្ច។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «មិនចប់ត្រឹមតែការសម្ពោធផ្លូវជាតិលេខ៧ទេ មិញដូចឯកឧត្តម ប៉េង ពោធិ៍នា បានលើកគម្រោងឆ្នាំ២០២៦ ឆ្នាំ២០២៧ យើងធ្វើបន្តថែមទៀត។ មានកំណាត់ផ្លូវច្រើនថែម ទៀតត្រូវធ្វើ ហើយមួយផ្នែកធំកឺពីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន»។

បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់ អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស ស្លោក «មានផ្លូវ, មានសង្ឃឹម»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយបានផ្តល់ជំនួយសាងសង់ផ្លូវ និងស្ពានជាច្រើនដែលបានប្រទាក់ ក្រឡាទូទាំងប្រទេស។ ក្រៅពីផ្លូវជាតិលេខ៧ ក៏មានគម្រោងធំៗជាច្រើនទៀតដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម និងស្ពានជាច្រើនទៀត ដែលសុទ្ធសឹងជាសមិទ្ធផលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានជាបន្តបន្ទាប់ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ។

ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន ជាមិត្តភាពយូរអង្វែងដែលមានប្រវត្តិសាស្ត្រប្រមាណជាង ២០០០ឆ្នាំមកហើយ។ មិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន គឺជាចំណងដែលមិនអាចកាត់ផ្ដាច់បាន ហើយនឹងបន្តរីកចម្រើនឥតឈប់ឈរទៅមុខទៀត។ សមិទ្ធផលដែលសម្រេចបានកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន៕