ពិធីបិទបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីននៅស្រុករមាសហែក ខេត្តស្វាយរៀង


នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីតីក្នុងពិធីបិទបញ្ចប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន នៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

ថ្លែងទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលត្រូវបានប្រកាស ជាខេត្តអស់មីន រួចរាល់ហេីយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ក៏ដោយប៉ុន្តែបើតាមទិន្នន័យស្រាវជ្រាវមូលដ្ឋាន ដែលធ្វើឡើង ដោយប្រតិបត្តិករនាពេលកន្លងមក ឃើញថានៅក្នុងភូមិសាស្ត្រក្រុង ស្រុក ចំនួន ៥ នៃខេត្តស្វាយរៀង រួមមានស្រុករមាសហែក ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ក្រុងបាវិត និងស្រុកស្វាយទាប នៅមានផ្ទៃដីសេសសល់សរុបប្រមាណជិត ៣៥លានម៉ែត្រក្រឡា ដែលជាផ្ទៃដីមានការគំរាមកំហែង ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែល ចាំបាច់ត្រូវរៀបចំផែនការបោសសម្អាតជាបន្តបន្ទាប់ ។ ដោយឡែកក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការសកម្មភាពមីនខេត្ត គាំទ្រដោយប្រតិបត្តិករស៊ីម៉ាក់ បានរៀបចំផែនការបោសសម្អាតចម្ការគ្រាប់បែកចង្កោមចំនួន ១២ចម្ការ គ្រាប់ ស្មើនឹងផ្ទៃដី ៣.២៩៥.៨៧៣ម៉ែត្រក្រឡា ក្នុងភូមិសាស្ត្រស្រុករមាសហែក សម្រេចបាន ប្រមាណ ៧០% ហើយគ្រោងនឹងបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២៦ ។

 

ឯកឧត្តមបន្ថែមថា ក្រៅអំពីផែនការរបស់គណៈកម្មាធិការសកម្មភាពមីនខេត្តឆ្នាំនេះ ខេត្តស្វាយរៀង បានទទួលគម្រោងបោសសម្អាតចម្ការគ្រាប់បែកចង្កោម គឺគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ហើយសូមគោរពថ្លែងអំណរអរគុណជាពិសេសដល់រដ្ឋាភិបាល និងប្រជាជនចិន អាជ្ញាធរមីន និងស្ថាប័នពាក់ព័ន្ធ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង សម្រាប់សកម្មភាពមិន ដែលមានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ជាប្រតិបត្តិករ បានជ្រើសរើសយក ស្រុកស្វាយជ្រំ និងស្រុករមាសហែក នៃខេត្តស្វាយរៀង ធ្វើការបោសសម្អាតផ្ទៃដីចម្ការគ្រាប់បែក ចង្កោម ចំនួន ១៥ចម្ការគ្រាប់ ស្មើនឹងផ្ទៃដី ៣.១៨៣.៧៦៨ម៉ែត្រក្រឡា និងបានអនុវត្តបញ្ចប់ រួចរាល់នៅខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ ប្រកបដោយគុណភាព និងសុវត្ថិភាព ក្នុងនោះ បានរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ចំនួន ១០៥គ្រាប់ និងអំបែកគ្រាប់ ចំនួន ១.៥៥៦ដុំ និង បន្ថែមលើសពីនេះ គម្រោង ក៏បានជួយដំឡើងផ្ទាំងប៉ាណូអប់រំ អំពីគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ចំនួន ០២កន្លែង និងសាងសង់អគារសិក្សាមត្តេយ្យសហគមន៍ ចំនួន ០១កន្លែង ដែលត្រូវបានសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការដំណាលគ្នាប្រកបដោយភាពឱឡារិកនៅថ្ងៃនេះផងដែរ ។

 

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការអភិវឌ្ឍ និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងថែរក្សាសន្តិភាព សន្តិសុខ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងរស់នៅដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

 

ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌។ ក្នុងនោះការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាពដែកថែប និងទំនាក់ទំនងជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ៕