សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែតដែលត្រូវជាម្តាយបង្កើតរបស់លោក ដែលបានទទួលមរណភាព នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។

តាមរយៈសារលិខិតរំលែកមរណទុក្ខនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំនិងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏ ក្រៀមក្រំពីមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេកជាទីគោរព ស្រឡាញ់របស់ លោក និងលោកស្រី កាលពីថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ»។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និង សោកស្តាយស្រណោះ អាឡោះអាល័យជាអនេកជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុតដែលមិនអាច កាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់កូន កូនប្រសារ ចៅប្រុសចៅស្រី។ ជាងនេះទៅទៀត មរណភាព ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕