ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ -ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននាំយកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទាខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៧៤គ្រួសារ មកពី៩ភូមិ នៅវត្ត ឃ្លំាងខ្មូត ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ណែត សារី អភិបាលស្រុកស្ទោង បានលើកឡើងអំពីស្ថានភាពប្រជាពលរដ្ឋជា ច្រើនគ្រួសារ នៅឃុំប្រឡាយ មានជីវភាពខ្វះខាត និងបានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ខេត្ត បាននាំយកអំណោយចែកជូនគ្រួសារក្រីក្រ ចាស់ជរា ចំនួន ១៧៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ត្រីខ ៦កំប៉ុង ប្រេងឆា ១លីត្រ និងអំបិល ១កញ្ចប់ ។
ឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋ និងបានបញ្ជាក់ថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា គឺជាទុក្ខលំបាករបស់សម្ដេចនិងថ្នាក់ដឹកនាំខេត្ត ស្រុក ដោយមិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានអាហារហូបនោះទេ។ ការចែកអំណោយនេះមិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះរួមមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋក្រីក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃទេ គឺគ្រាន់តែជួយដោះស្រាយបានមួយគ្រាតែប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនខិតខំប្រកបមុខរបរបន្ថែមទៀត ទើបធ្វើឱ្យជីវភាពប្រសើរឡើង។ ម្យ៉ាងវិញទៀតការរស់នៅត្រូវចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ជាតិខ្មែរតែមួយ កុំប្រកាន់និន្នាការនយោបាយ។
ឯកឧត្តមក៏បានជម្រាបអំពីស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជាអំពីព្រឹត្តិការណ៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ តុលាការកំពូលកម្ពុជាបានចេញសាលដីការស្ថាពររំលាយគណបក្សសង្រោះជាតិ និងធ្វើការហាមឃាត់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស សង្គ្រោះជាតិចំនួន១១៨ រូប មិនឱ្យធ្វើសកម្មភាពនយោបាយនៅកម្ពុជារយៈពេល ០៥ឆ្នាំ។
ប្រជាពលរដ្ឋដែលបានទទួលអំណោយពីឯកឧត្តម បានថ្លែងអំណរគុណចំពោះ ថ្នាក់ ដឹកនាំ ខេត្ត ស្រុក ដែលបានចុះសាកសួរសុខទុក្ខ យកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនដល់ពួកគាត់ទៀតផង៕