ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស សមាជិកគណៈអចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ អញ្ជើញជាអធិបតីភាពក្នុង ពិធីផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងមូលដ្ឋានឃុំទាំង៦ និងសាខាបក្ស មានទាំងវិស័យសុខាភិបាល វិស័យអប់រំ និងរចនាសម្ព័ន្ធគណបក្សចំណុះគណបក្សស្រុកតាមការិយាល័យនានាជុំវិញ ស្រុក រហូតដល់សាខាបក្សភូមិ ព្រមទាំងសមាជិក សមាជិកាជា ចូលរួមជាង ៣០០នាក់។
រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦៦។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានសារៈសំខាន់ណាស់ ព្រោះនេះជាការបោះឆ្នោតសកល ដែលប្រជាពលរដ្ឋមាន សិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសតំណាងរបស់ខ្លួន។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានលើកឡើងពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ដោយគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវសហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិ រៀបចំប្រតិទិន ការងារឱ្យបានច្បាស់លាស់ តាមដំណាក់កាលនីមួយៗ និងត្រូវអនុលោមតាមខ្លឹម សារសំខាន់ៗនៃច្បាប់ បទបញ្ជា នីតិវិធី និងគោលការណ៍នានារបស់ គជប។ ទន្ទឹមនឹងនេះ ក្រុមការងារចុះមូលដ្ឋានឃុំ ត្រូវធ្វើការងារជាមួយ គណបក្សឃុំ បក្សភូមិ ត្រៀមរៀបចំ កម្លាំង មធ្យោបាយ សម្ភារ ថវិកា ទីតាំង និងទីកន្លែង សម្រាប់ធ្វើសកម្មភាពការងារ ឃោសនាបោះឆ្នោតនៅមូលដ្ឋានឃុំនីមួយៗដោយគោរពតាមការណែនាំរបស់ គជប រាប់ទាំងការហែក្បួន ការជួបជុំប្រមូលផ្តុំឃោសនា និងការដើរតាមខ្នងផ្ទះ។ បន្ថែមពីនេះ អាជ្ញាធរឃុំ ភូមិ ត្រូវជំរុញសមាជិកគណបក្ស និង អ្នកគាំទ្រគណបក្ស ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងជំរុញការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតនៅតាមឃុំ ចាប់ពីថ្ងៃទី០៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ និងជំរុញអ្នកមិនទាន់បានចុះឈ្មោះ អ្នកគ្រប់អាយុ១៨ឆ្នាំ និងអ្នក ផ្លាស់ប្តូរលំនៅដ្ឋាន ឬនៅផ្ទះជួលបានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នានៅក្នុងរយៈ ពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីក្នុងពេលខាងមុខនេះ។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សទាំងអស់ រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ស្របតាមទិសស្លោក សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពានលើអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោយត្រូវបន្តខិតខំរួមគ្នាលើកកម្ពស់ស្មារតីសាមគ្គីភាព និង ឯកភាពជាតិរឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានក៏បានស្នើដល់ គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ត្រូវ ខិតខំកសាងបន្ថែមសមាជិកបក្ស ទាំងគុណភាព និងបរិមាណ ដើម្បីក្លាយជា ធនធានដ៏មានតម្លៃរបស់បក្ស និងត្រូវខិតខំពង្រឹងសតិអារម្មណ៍របស់សមាជិកបក្ស ធ្វើយ៉ាងណាឱ្យសម្រេចបានគោលដៅ សមាជិកគណបក្សមួយរូប គឺជាសម្លេង គាំទ្រគណបក្សមួយសន្លឹក ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជននៅមូលដ្ឋានដោយជួយជ្រោមជ្រែងពួកគាត់ ជួយ ដោះស្រាយបញ្ហាប្រឈម និងសេចក្តីត្រូវការរបស់ពួកគាត់ ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលបានលើកឡើងថា មន្ត្រីគណបក្សគឺជាអ្នកបម្រើស្មោះត្រង់ របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនឡើយ។


