សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាល ជាមួយមន្ត្រី បុគ្គលិក ដែលជាសមាជិក សមាជិកាគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រាជធានីភ្នំពេញ ចំនួនសរុប២០០នាក់ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅបន្ទប់ប្រជុំ ៧មករា នៃវិមាន៧មករា នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ចាប់ផ្តើមដោយការសាកសួរសុខទុក្ខ និងថ្លែងសរសើរ វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងលទ្ធផលល្អប្រសើរនៃការបំពេញភារកិច្ច ការងារទាំងផ្នែកការងារជំនាញ ទាំងផ្នែកការងារគណបក្សរបស់មន្ត្រី និងសមាជិកគណបក្សនៃអង្គភាពមន្ទីរទាំង២ សម្តេចភក្តី ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋ ជូនចំពោះសមាជិក សមាជិកានៃអង្គពិធី និងក្រុមគ្រួសារ ព្រមទាំងក្រុមគ្រួសានៃមន្ត្រី បុគ្គលិក កម្មករទាំងអស់ដែលមិនបានមកចូលរួមពិធីនាថ្ងៃនេះផងដែរ។
សម្តេចប្រធានក្រុមការងារ បានជំរាបជូនអង្គពិធី អំពីរាល់សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្សដឹកនាំសម្រេចបាន ដោយចាប់ពីបាតដៃទទេរហូតមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន ។
សម្តេច សំដែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន និងឆាប់រហ័ស នៅក្នុងគ្រប់មូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភំ្នពេញ ដែលបានរួមចំណែកយ៉ាងប្រត្យក្ស ដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល និងសមិទ្ធផលនានា ដែលយើងមាននាពេលបច្ចុប្បន្នគឺធំធេង និងមហាសាល តែក៏មិនមានន័យថាគ្រប់គ្រាន់ហើយនោះទេ ដូច្នេះយើងត្រូវតែបន្តខិតខំតទៅទៀត សម្រាប់ជាមរតកដល់កូនចៅយើងតទៅមុខទៀត ។
សម្តេច រំលឹកពីមហាសោកនាដកម្ម និងវិនាសកម្មដែលបណ្តាលមកពី«សង្គ្រាម» ជាពិសេសការបំផ្លិចបំផ្លាញប្រទេសជាតិដល់ឫសគល់ទាំងស្រុង និងការធ្វើទុក្ខទារុណកម្ម កាប់សម្លាប់យ៉ាងឃោឃៅព្រៃផ្សៃ ក្នុងអំឡុង របបប្រល័យពូជសាសន៍ប៉ុលពត និងនារយៈពេលកន្លងទៅថ្មីៗនេះ មហាវិនាសកម្ម នៃសង្គ្រាមឈ្លានពានទឹកដី ដែលពួកចោរសៀម បាននិងកំពុងប្រព្រឹត្តយ៉ាងគឃ្លើន រំលោភបំពានមកលើដែនអធិបតេយ្យជាតិកម្ពុជាយើង បំផ្លិចបំផ្លាញបិតិកភណ្ឌដែលជាសម្បត្តិវប្បធម៌ជាតិ និងពិភពលោក មានប្រាសាទបុរាណ វត្តអារ៉ាម រួមទាំងសាលារៀន ភូមិដ្ឋាន ស្រែចំការ ផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិប្រជាជន និងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនជាប់ព្រំដែន មិនអាចវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ខ្លួនបាន ហើយបង្កឱ្យមានប្រជាជនភៀសសឹកយ៉ាងច្រើន ទទួលរងទុក្ខលំបាកវេទនាធ្ងន់ធ្ងរ ដែលយើងទាំងអស់គ្នាត្រូវតែចងចាំ ហើយត្រូវប្រែក្លាយកំហឹងឈឺចាប់នេះ មកជាកម្លាំងមហាសាមគ្គីជាតិជុំវិញរាជរដ្ឋាភិបាលដើម្បីការពារ ដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងទប់ស្កាត់យ៉ាងដាច់ខាត កុំឱ្យមានកើតឡើងវិញ នូវសង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិសារជាថ្មីឡើងវិញជារៀងរហូត ។
ក្នុងឱកាសនេះដែរ សម្តេចក៏បានរំលឹក ពីនយោបាយឈ្នះ ឈ្នះ ដែលជាគំនិតផ្តួចផ្តើម និងដឹកនាំអនុវត្តផ្ទាល់ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស គឺបានធ្វើឱ្យកម្ពុជាសម្រេចបាននូវសុខសន្តិភាព និងឯកភាពទឹកដីយ៉ាងពេញលេញ ចាប់តាំងពីបំណាច់ខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ននេះ គឺទើប តែបានជាង២៧ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែសន្ទុះនៃការកសាងអភិវឌ្ឍប្រទេសជាតិយើង គឺធំធេង និងឆាប់រហ័សបំផុត ។
មុនបញ្ចប់ការសំណេះសំណាល សម្តេចប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ ឱ្យយកចិត្តទុកដាក់ និងប្រឹងប្រែងសម្រេចការងារមួយចំនួន :
១- ចំពោះសភាពការណ៍បច្ចុប្បន្ន សូមបង្កើនស្មារតី«សាមគ្គីជាតិ»ឱ្យកាន់តែរឹងមាំ និងជឿជាក់លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងការការពារដែនអធិបតេយ្យជាតិពីការរំលោភឈ្លានពានរបស់ពួកចោរសៀម ។
២- គណៈកម្មាធិការគណបក្សមូលដ្ឋាន និងអង្គការចាត់តាំងគណបក្សក្នុងមន្ទីរទាំង២ សូមបន្តយកចិត្តទុកដាក់ និងតាមដានប្រក្រតីទិនការងាររបស់គ.ជ.ប. ពាក់ពន្ធនឹងការងារបោះឆ្នោតចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត(ថ្ងៃទី៦ មិថុនា ២០២៧)។
៣- ថ្មីៗនេះ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល បានដាក់ចេញនូវ«សេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧» រួចហើយ។ រីឯគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវ«ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេច របស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា» រួចហើយដែរ អាស្រ័យហេតុនេះ សូមយកចិត្តទុកដាក់ក្តាប់ជាប់ការងារដែលមានពាក់ពន្ធ និងប្រឹងប្រែងអនុវត្តឱ្យបានត្រឹមត្រូវ ហ្មត់ចត់ និងប្រកប ដោយការប្រុងប្រយ័ត្ន ដើម្បី«រក្សាប្រៀបខ្លាំង និងបង្កើនប្រៀបឈ្នះ»ជូនគណបក្សកុ្នងការបោះឆ្នោតនាពេលខាងមុខ ។
និង៤ គឺកត្តា «សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស»នៅគ្រប់ថ្នាក់ ដាច់ខាតត្រូវតែរឹងមាំ ៕


