កម្ពុជា ទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ នៅអង្គការពាណិជ្ជកម្មពិភពលោក


ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្តដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក ក្នុងថ្ងៃទី២ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានបញ្ចប់កិច្ចប្រជុំនេះដោយជោគជ័យ និងទទួលបានការកោតសរសើរ ព្រមទាំងមានការវាយតម្លៃខ្ពស់ពីបណ្តាសមាជិកចូលរួម។
នៅក្នុងកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា មានប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងតំណាងប្រទេសអាស៊ាន តំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងតំណាងអង្គការអន្តរជាតិនានា បានកត់សម្គាល់ និងសំដែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងអំឡុងពេលត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានសំដែងការអរគុណចំពោះលោកជំទាវ Frances Mary Lisson អគ្គរដ្ឋទូតអូស្ត្រាលី ដែលជាអ្នកបើកកិច្ចពិភាក្សា បណ្តាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដៃគូរអភិវឌ្ឍន៍ ដែលតែងតែជួយជ្រោមជ្រែងកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍ និងការរក្សាទំនាក់ទំនងល្អរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើកិច្ចអន្តរាគមន៍ចំពោះបញ្ហាមួយចំនួនដែលលើកឡើងដោយប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមមាន ការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ការបង្កើនភាពប្រកួតប្រជែង កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចល្អ ការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច (ដូចជាអត្រាពន្ធគយ ការធ្វើលទ្ធកម្មសាធារណៈ និងបំណុលសាធារណៈជាដើម) និងវឌ្ឍនភាពនៃការបង្កើតបទប្បញ្ញត្តិច្បាប់មួយចំនួនដែលជាការសន្យារបស់កម្ពុជា ស្របតាមអភិក្រមអង្គការពាណិជ្ជកម្មពិភពលោក។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា គំនិតផ្តួចផ្តើមនៃការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ជាសក្ខីភាពបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលនឹងជួយជ្រោមជ្រែងបន្ថែមដល់ការចូលរួមរបស់កម្ពុជាក្នុងកិច្ចការអន្តរជាតិពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ពិសេសការបំពេញតួនាទីរបស់កម្ពុជាជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច។
ឯកឧត្តម Juan Carlos Gonzalez អគ្គរដ្ឋទូតប្រទេសកូឡុំប៊ី និងជាប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបានជាវិជ្ជមាននៃវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំក៏ជម្រុញឲ្យកម្ពុជាបន្តកិច្ចការដែលកំពុងធ្វើ និងបំពេញកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ពិសេសតាមការស្នើសុំរបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីលើកកម្ពស់តម្លាភាពក្នុងរបបពាណិជ្ជកម្ម និងអនុលោមភាពស្របតាមគោលការណ៍ដែលមានចែងក្នុងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានចូលជាភាគីហត្ថលេខា។
បន្ថែមលើសពីនេះផងដែរ ឯកឧត្តមប្រធានអង្គប្រជុំ សរុបបញ្ជាក់ថា ប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនដែលចូលរួម បានសំដែងការសារទរចំពោះសមិទ្ធផលរបស់កម្ពុជា ដែលកើតចេញពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា រួមមាន គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១២-២០២០ ជាដើម។
ជាងនេះទៀត តំណាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានទទួលស្គាល់ចំពោះការរីកចំរើននៃសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ព្រមទាំងបង្ហាញការកោតសរសើរចំពោះការខិតខំរបស់កម្ពុជាក្នុងការអនុវត្តច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ព្រមទាំងការបន្តអនុម័ត និងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនានា។
ជាចុងបញ្ចប់ កិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជាបានបញ្ចប់ទៅដោយភាពជោគជ័យ និងប្រកបដោយការទទួលស្គាល់ប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក៕