រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានរកឃើញតំបន់មានប្រេងកាតទាំងសមុទ្រ និងលើគោកមានចំនួន ២៥ប្លុកមកហើយ ដែលអាចផលិតប្រេងបានចំនួន ៥លានតោនក្នុងមួយឆ្នាំៗ ហើយចាប់ពីឆ្នាំ២០១៩តទៅ កម្ពុជានឹងចាប់ផ្តើមផលិតប្រេងក្នុងប្លុកA និងBដោយក្រុមហ៊ុនសិង្ហបុរី។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ប្លុកC ក្រុមហ៊ុនម៉ាឡេស៊ី កំពុងសិក្សាស្រាវជ្រាវ និងប្លុកផ្សេងទៀត មានក្រុមហ៊ុនបរទេស កំពុងដាក់ពាក្យសុំរុករកបន្ថែម។លោកបន្ថែមថា សព្វថ្ងៃតំបន់ប្រេងក្នុងសមុទ្រ គឺមានចំនួន៦ប្លុក គឺប្លុកA.B.C.D.E និងប្លុកF។ប៉ុន្តែប្លុក A និងB នឹងចាប់ផ្តើមផលិតនៅឆ្នាំ២០១៩ខាងមុខ ដោយក្រុមហ៊ុនគ្រីសរបស់ប្រទេសសិង្ហបុរី ដែលអាចផលិតនូវដំណាក់កាលទី១បានចំនួន៣១លានបារ៉ែល។
ចំណែកសម្រាប់តំបន់ប្រេងនៅលើគោកវិញ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គឺបានរកឃើញ នៅខេត្តកំពង់ធំ ដោយមានចំនួន១៩ប្លុក ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនភីត្រូរបស់វៀតណាម កំពុងបានដាក់ពាក្យសុំសិក្សាស្រាវជ្រាវ។ចំណែកចំនួន១៨ប្លុកទៀត គឺពុំទាន់មានក្រុមហ៊ុនណាមួយស្ម័គ្រចិត្តចូលធ្វើការសិក្សានៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងរៀបចំឱ្យការដឹកជញ្ជូន មានភាពងាយស្រួល និងការធ្វើបំពង់បង្ហូរប្រេងពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។ជាមួយគ្នានេះ នៅដើមឆ្នាំ២០១៨ ក្រសួងរ៉ែនិងថាមពល នឹងដាក់សេចក្តីព្រៀងច្បាប់ស្តីពី ប្រេងកាតនៅកម្ពុជា ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យនិងអនុម័ត៕