ចាប់ដៃដ៏គ្រោះថ្នាក់! ២៨ កក្កដា ហេតុការណ៍ ទាហានថៃ ចូលមកចាប់ដៃទាហានកម្ពុជា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នាតែភាគីថៃ លោមព័ទ្ធចាប់ខ្លួនយោធិនកម្ពុជា ទាំងបំពានបទឈប់បាញ់ និងផលប៉ះពាល់ដល់ទំនុកចិត្ត


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមយោធិនកម្ពុជាចំនួន ២០នាក់ មាន ១៨នាក់ ត្រូវបានចាប់ខ្លួន ម្នាក់បានស្លាប់ និងម្នាក់ទៀតអាចរួចផុតពីការចាប់ខ្លួន។ បន្ទាប់មក យោធិនទាំង ១៨ នាក់ត្រូវបានឃុំខ្លួនក្នុងនាមជា អ្នកទោសសង្គ្រាម (Prisoners of War – PoWs) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទើបត្រូវបានដោះលែងវិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។

តាមរយៈសំណេរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ហេតុការណ៍នេះបានបង្កឱ្យមានសំណួរមួយចោទឡើងថា៖ ប្រសិនបើបទឈប់បាញ់បានចូលជាធរមានរួចហើយ ហើយការប្រយុទ្ធបានបញ្ឈប់ តើការចាប់ខ្លួនយោធិនដែលស្ថិតនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន អាចត្រូវបានចាត់ទុកជាការចាប់អ្នកទោសសង្គ្រាមដែរ ឬទេ?

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សម្រាប់កម្ពុជា ហេតុការណ៍នេះត្រូវបានមើលឃើញថា មិនមែនជាការចាប់ខ្លួនក្នុងស្ថានភាពប្រយុទ្ធទៀតទេ ប៉ុន្តែជាការប្រើប្រាស់ភាពជឿទុកចិត្តក្រោមបរិយាកាសបទឈប់បាញ់ ដើម្បីនាំទៅដល់ការចាប់ខ្លួនយោធិនកម្ពុជា។ ការឃុំខ្លួនរយៈពេលជាងប្រាំខែ បានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្តដល់យោធិន ក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ការចាប់ដៃ» គួរតែជានិមិត្តរូបនៃសន្តិភាព និងការជឿទុកចិត្ត។ ប៉ុន្តែបើការចាប់ដៃត្រូវបានប្រើជាមធ្យោបាយនាំទៅរកការចាប់ខ្លួន វានឹងក្លាយជានិមិត្តរូបនៃការបាត់បង់ទំនុកចិត្ត ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងសន្តិភាព និងការជឿជាក់រវាងភាគីនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលេចថា ហេតុការណ៍នេះនៅតែជាប្រធានបទដែលទាមទារការបំភ្លឺដោយតម្លាភាព ការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវ ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ និងការការពារយោធិននឹងត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀត៕