ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិភាក្សាលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥»។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាសាវតារ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ដើម្បីជំរុញការអភិវឌ្ឍ វិស័យឧស្សាហកម្មនៅកម្ពុជា ដោយមានការកំណត់យុទ្ធសាស្រ្តគន្លឹះចំនួន៤ រួមមាន៖ ១. ការកៀរគរ និងទាក់ទាញវិនិយោគ, ២. ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម, ៣. ការកែលម្អបរិស្ថាបនិយ័តកម្ម និង ៤. ការសម្របសម្រួលគោលនយោបាយគាំទ្រ។

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត, រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាស្ថាប័នបង្គោល ក្នុងការតាមដាន និងវាយតម្លៃការអនុវត្ត គោលនយោបាយនេះ។

ក្នុងស្មារតីនេះ, ក្រុមការងារ ក.អ.ក. បានរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងបានរៀបចំរបាយការណ៍វឌ្ឍនភាព និងរបាយការណ៍វាយតម្លៃនៃការអនុវត្ត ដើម្បីដាក់ជូន រាជរដ្ឋាភិបាលពិនិត្យសម្រេចជាបន្តបន្ទាប់ រួមមាន៖ ១. របាយការណ៍វឌ្ឍនភាពឆ្នាំ ២០១៦, ២. របាយការណ៍ វឌ្ឍនភាពឆ្នាំ ២០១៧-២០១៨, ៣. របាយការណ៍វាយតម្លៃ នៃការអនុវត្តពាក់កណ្ដាលអាណត្តិ ឆ្នាំ ២០២០ និង ៤. របាយការណ៍វឌ្ឍនភាពឆ្នាំ ២០២១-២០២៣។

ក្នុងឆមាសទី២ នៃឆ្នាំ២០២៦ នេះ, ក្រុមការងារ ក.អ.ក. ក៏បានបញ្ចប់ការរៀបចំ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ» ជាស្ថាពរ ដើម្បីដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ.។

«របាយការណ៍វាយតម្លៃចុងអាណត្តិ» បង្ហាញថា, ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ, «គោលនយោ- បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា» បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតម្រង់ទិសការជំរុញពិពិធកម្ម និងលើកកម្ពស់ផលិតភាព ក្នុងវិស័យឧស្សាហកម្ម, ការវិនិយោគលើមូលធនមនុស្ស, ការកែសម្រួលក្របខណ្ឌគតិយុត្ត, ការលើកកម្ពស់អភិបាលកិច្ច សហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួលគោលនយោបាយគាំទ្រនានា ជាដើម។

ការអនុវត្តគោលនយោបាយនេះ បាននាំមកនូវសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើន និងបានប្រែក្លាយកម្ពុជា ពីប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរឹងមាំនាំមុខដោយវិស័យឧស្សាហកម្ម ហើយជ្រៀតចូលកាន់តែជ្រៅក្នុងខែ្សច្រវាក់តម្លៃតំបន់ និងសកល។ ទោះជាយ៉ាងនេះ, ល្បឿននៃការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅមានកម្រិត ហើយមូលដ្ឋានឧស្សាហកម្មនៅមានលក្ខណៈប្រមូលផ្តុំ និងងាយរងឥទ្ធិពលពីកត្តាខាងក្រៅ ដែលការណ៍នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់នៃនិន្នាការតំបន់ និងសកល។

ជារួម, អង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាង «របាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥» នេះ និងបានផ្ដល់មតិយោបល់កែសម្រួល និងធាតុចូល លើផ្នែកខ្លះនៃសេចក្តីព្រាង ដើម្បីឱ្យក្រុមការងារ ក.អ.ក. យកទៅពិនិត្យ និងកែសម្រួលឱ្យបានកាន់គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព។

សម្រាប់ទិសដៅបន្ត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមការងារ ក.អ.ក. សហការជាមួយក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងការស្វែងយល់លម្អិត ពីបញ្ហាប្រឈមដែលនៅសេសសស់ និងស្វែងរកដំណោះស្រាយ ដើម្បីធ្វើជាធាតុចូល សម្រាប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដំណាក់កាលទី២ នាពេលខាងមុខ។

ជាចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារ ក.អ.ក. ដែលបានខិតខំ រៀបចំសេចក្ដីព្រាងរបាយការណ៍វាយតម្លៃនេះឡើង និងបានណែនាំឱ្យក្រុមការងារ ក.អ.ក. បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្អាត និងបញ្ចប់សេចក្ដីព្រាងរបាយការណ៍នេះ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ស្របតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល៕