(ត្បូងឃ្មុំ)៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងលោក លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ បានប្រព្រឹត្តទៅនៅវត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីរួមចំណែកទ្រទ្រង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។
ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ តែងតែចូលមកដល់នៅថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ។ ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ក្នុងគោលបំណងសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ ដើម្បីចូលរួមទ្រទ្រង់ដល់ព្រះសង្ឃក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា៖ អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ស្លាដក និងគ្រឿងសម្ភារផ្សេងៗទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម។
ក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនដល់វត្តទាំង ១៨ ក្នុងស្រុកពញាក្រែក ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា ១គូ អង្ករ ១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់កសាងចំនួន ១លានរៀល។ ដោយឡែក យាយជី និងតាជីចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានប្រេងកូឡា ១ប្រអប់ និងថវិកាចំនួន ២ម៉ឺនរៀល។
ក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងអាជ្ញាធរមូលដ្ឋាន, ឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តមក៏បានលើកឡើងថា ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសាមគ្គីភាពជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ដែលបន្តទទួលបានការយកចិត្តទុកដាក់ និងរីកចម្រើនជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ជាពិសេសភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង៕
































