(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈឱ្យ មានលក្ខណៈងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ដល់ធុរជន និងវិនិយោគិននៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច អភិវឌ្ឍបានដោយជោគជ័យនូវ «ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ក្នុងវិស័យអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា» តាមរយៈប្រព័ន្ធគំរូស្តង់ដានៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែល ដាក់ឱ្យប្រើប្រាស់ជាដំណាក់កាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ប្រព័ន្ធនេះអនុញ្ញាតឱ្យ សាធារណជន អាចបំពេញពាក្យស្នើសុំ ភ្ជាប់ឯកសារយោង ទូទាត់កម្រៃសេវា និងទទួល អាជ្ញាបណ្ណតាមអនឡាញទាំងស្រុង សម្រាប់ការស្នើសុំអាជ្ញាបណ្ណបើកគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនកម្មវិធី សិក្សាជាតិចំនួន៥ប្រភេទសេវា របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖
* អាជ្ញាបណ្ណទារកដ្ឋាន (ទារកដ្ឋាន)
* អាជ្ញាបណ្ណមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ (មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២)
* អាជ្ញាបណ្ណមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៧ ដល់ថ្នាក់ទី៩)
* អាជ្ញាបណ្ណមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១០ ដល់ថ្នាក់ទី១២)
* អាជ្ញាបណ្ណមធ្យមសិក្សាឯកជន (ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)
ក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នឹងបន្តកិច្ចសហការក្នុងការធ្វើឌីជីថលលូបនីយកម្មសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ច និងដាក់ឱ្យប្រើប្រាស់ គ្រប់ប្រភេទអាជ្ញាបណ្ណ និងសេវាជាបន្តបន្ទាប់៕


