(រតនគិរី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអណ្ដូងមាស បានដឹកនាំក្រុមការងារគណបក្សស្រុក ឃុំ នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ក្នុងស្រុកអណ្ដូងមាស រួមមាន៖ វត្តសិលាសុវណ្ណគង្គា (ហៅវត្តអណ្តូងមាស), វត្តឧត្តមគិរីរតនារាម (ហៅវត្តញ៉ាង) និងវត្តមហាព្រហ្មរតនារាម (ហៅវត្តតាឡាវ)។
ក្នុងឱកាសនោះ ឯកឧត្តម សោ សាវឿន បានលើកឡើងពីសារៈសំខាន់នៃពិធីបុណ្យចូលព្រះវស្សា ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អប្រពៃរបស់ព្រះពុទ្ធសាសនា។ ពិធីនេះមិនត្រឹមតែជាការបន្តវេនវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួយឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិធម៌វិន័យរយៈពេល ៣ខែពេញ។
នៅក្នុងពិធីនេះ ពុទ្ធបរិស័ទបានជួបជុំគ្នាធ្វើកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន និងញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យទទួលបាននូវផល្លានិសង្សដែលកើតចេញពីការកសាងបុណ្យកុសលនាពេលនេះ។
ចំពោះទេយ្យទានដែលបានប្រគេនដល់វត្តទាំង ៣ ក្នុងមួយវត្តៗទទួលបាន៖ ស្លាដក ១ឈុត ទៀនវស្សា ១គូ, អង្ករ ៤បេ, ទឹកត្រី ១កេស, ទឹកស៊ីអ៊ីវ ១កេស, ប្រេងឆា ១កេស, មីជាតិ ៤កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស និងបច្ច័យចំនួន ៨៥០,០០០រៀល។ សរុបថវិកាដែលបានចំណាយក្នុងកម្មវិធីនេះរួមទាំងការជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋមានចំនួន ៦,៣៨០,០០០រៀល។


