(សៀមរាប)៖ ពីលើទឹកដីសៀមរាបអង្គរនាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣លើកទី៨ (8th ACCSM+3) នៅសណ្ឋាគារសុខាខេត្តសៀមរាប។
កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់អាស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) បានចាប់ផ្ដើមក្នុងចំណោមប្រទេសសមាជិកអាស៊ានតាំងពីឆ្នាំ១៩៨០ ក្នុងសន្និសីទស្ដីពីការកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ។ ស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៨១ ក្រោមឈ្មោះដើមថា «ASEAN Conference on Civil Service Matters (ACCSM)»។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី១៨ នៅខែតុលា ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន អង្គប្រជុំបានស្នើសុំប្តូរឈ្មោះ និងសម្រេចប្តូរឈ្មោះទៅជា «ASEAN Cooperation on Civil Service Matters (ACCSM)» ជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) ត្រូវបានបង្កើតឡើងក្នុងគោលបំណងដ៏សំខាន់ ដើម្បីជំរុញ និងពង្រីកកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈនៃបណ្តាប្រទេសអាស៊ាន។ ACCSM បានពង្រីកចំនួនប្រទេសជាសមាជិកដល់១០ប្រទេសនៅឆ្នាំ១៩៩៩។ សម្រាប់ឆ្នាំ២០២៦ កិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នៅខេត្តសៀមរាប ប្រទេសកម្ពុជា មានការពង្រីកសមាជិកដល់ ១១ប្រទេស ដោយរាប់បញ្ចូលទាំងទីម័រឡេស្តេ ដែលទើបនឹងក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំ២០២៥កន្លងទៅនេះ។
ACCSM មានបេសកកម្មសំខាន់ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការមុខងារសាធារណៈក្នុងតំបន់, ជំរុញកិច្ចសហការដើម្បីលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាពសាធារណៈ និងអភិបាលកិច្ចល្អ។
បន្ថែមពីលើនោះ ACSSM ក៏មានបេសកកម្មស្វែងរកនូវអានុភាពនៃភាពរឹងមាំរបស់ប្រទេសសមាជិកអាស៊ានតាមរយៈការលើកកម្ពស់យន្តការដែលមានស្រាប់សម្រាប់ការតភ្ជាប់ ការសិក្សារៀនសូត្រ និងការចែករំលែកបទពិសោធន៍ទៅវិញទៅមកក្នុងចំណោមប្រទេសសមាជិក, លើកកម្ពស់ និងផ្តល់ភាពងាយស្រួលក្នុងការការផ្លាស់ប្ដូរឧត្តមានុវត្តន៍ និងការគ្រប់គ្រងនវានុវត្តន៍សាធារណៈផ្សេងទៀត ដោយការលើកកម្ពស់តួនាទីរបស់មជ្ឈមណ្ឌលធនធានអាស៊ាន (ARCs) ជាអ្នកផ្តល់អ្នកជំនាញការទៅតាមសមត្ថភាពការងារតាមវិស័យនីមួយៗរបស់ពួកគេ, បង្កើតការគាំទ្រគំនិតផ្តួចផ្តើមដើម្បីជួយដល់ការអភិវឌ្ឍ និងការអនុម័តនូវការអនុវត្តថ្មីៗក្នុងមុខងារសាធារណៈអាស៊ាន, អនុវត្តកម្មវិធីផ្សេងៗស្តីពីកិច្ចការមុខងារសាធារណៈ ដោយមានការគាំទ្រ និងជំនួយពីដៃគូសន្ទនាអាស៊ាន និងព្រឹត្តិការណ៍ក្នុងតំបន់ និងអន្តរជាតិផងដែរ។
សម្រាប់កិច្ចប្រជុំ ACCSM វិញ ប្រទេសជាម្ចាស់ផ្ទះរៀបចំ និងដឹកនាំកិច្ចប្រជុំមានអាណត្តិ២ឆ្នាំ ទៅតាមលំដាប់អក្ខរក្រមនៃភាសាអង់គ្លេស។ ក្នុងរយៈពេល២ឆ្នាំនេះ ប្រទេសម្ចាស់ផ្ទះមានភារកិច្ចរៀបចំសម្របសម្រួល និងដឹកនាំកិច្ចប្រជុំចំនួន២រួមមាន៖ ឆ្នាំទី១ កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងឆ្នាំទី២ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានចែកចេញជា៥បន្ថែមទៀតរួមមាន៖ ១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ, ២) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ, ៣) កិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ, ៤) កិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានបូក៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ និងទី៥ វេទិកាអាស៊ានបូក៣ ស្តីពីអភិបាលកិច្ចល្អ។
កម្ពុជាធ្លាប់បានបំពេញតួនាទីជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM រួចម្តងមកហើយនៅភ្នំពេញក្នុងឆ្នាំ២០០៥ និងនៅសៀមរាបក្នុងឆ្នាំ២០០៦។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងក្រោមមូលបទ «Human Resource Management in Public Service as Strategic Partner in National Development: New Paradigm for ASEAN Context» ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលនោះ។
ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ កម្ពុជា បំពេញតួនាទីលើកទី២ ជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨។ ក្នុងឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣ នៅថ្ងៃទី១៩ និងទី២០ ខែឧសភា នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។
ចំណែកនៅឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈរៀបចំ និងដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និង ACCSM+3, វេទិកាស្តីពីអភិបាលកិច្ចល្អ និងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ ACCSM និង ACCSM+3 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងរមណីយដ្ឋានសុខាសៀមរាប ខេត្តសៀមរាប៕

