ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃ​ទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ប្រគល់​សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពិធីនេះរៀបចំឡើង នៅ​មជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសាកលវិទ្យា​ល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនានា ព្រមទាំង​និស្សិត និងមាតាបិតារបស់និស្សិត។

របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រ​មាន​ចំនួន ៤ ០០១នាក់ នារី ២ ១០៣នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាននិស្សិតថ្នាក់​បរិញ្ញាបត្រ ៣ ២៧៨នាក់ (នារី ១.៨១៣នាក់) និងនិស្សិត​ថ្នាក់​​បរិញ្ញាបត្រជាន់​ខ្ពស់​ ៧២៣នាក់ (នារី ២៩០នាក់)។

របាយការណ៍សាកលវិទ្យាល័យ បានឱ្យដឹងដែរថា ផ្អែកលើលទ្ធផលអង្កេត​ពីភាពមាន​ការងារ​ធ្វើ​របស់​និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញថា​ ក្នុង​ចំណោមនិស្សិតជ័យលាភី​ត្រូវ​​ទទួលសញ្ញាបត្រ​នាថ្ងៃនេះ និស្សិតប្រមាណ ៩២,៧០ភាគរយ មានការ​ងារ​ធ្វើ ក្នុងនោះ​និស្សិតថ្នាក់​បរិញ្ញាបត្រ​ មាន​ ៩១,៧០ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ​មាន ៩៧,២៣ភាគរយ។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ​ក្នុង​ការ​បណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និងសង្គម​​​​​​​​នៅកម្ពុជា។ គិត​ចាប់ពីឆ្នាំ​១៩៨២ ​ដល់​បច្ចុប្បន្ន​​​នេះ សិក្ខា​កាម​ និង​និស្សិត បាន​បញ្ចប់ការ​សិក្សា​​​​​ជាស្ថាពរ​​សរុប ៧៤ ៣៣៧នាក់ (នារី ៣០ ៣៧៤នាក់​) ក្នុង​នោះ​​​​​និស្សិត​បរទេសមានចំនួន ​​​​​២៦៨នាក់ (នារី ១២១នាក់)​។ និស្សិតជ័យលាភីទាំងនោះ កំពុងបម្រើ​ការងារ​​នៅ​ក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យ​ឯកជន​ អង្គការ​មិនមែនរដ្ឋាភិបាល​ជាតិ និងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។​

បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុម​ប្រឹក្សា​ភិបាល គណៈ​គ្រប់គ្រង មន្រ្តី បុគ្គលិក គ្រូ សាស្រ្តា​ចារ្យ ក្របខណ្ឌ និងជាប់​កិច្ច​សន្យា​​ជាតិ-អន្តរជាតិ សរុប ៨៧៣នាក់ (នារី ២៣៣នាក់) និងមាន​និស្សិត​​​កំពុង​បណ្តុះបណ្តាលសរុប ២០.០១៦នាក់​​ (នារី ១១.២១២នាក់) ក្នុងនោះមាន​និស្សិត​បរទេស​ចំនួន ៩៣នាក់ (នារី ៥៩នាក់) ដែលរួមមាន ជនជាតិបារាំង ៤៥នាក់ (នារី ៣២នាក់) អេស្បាញ ១នាក់ (ជានារី) កាតេម៉ាឡា ១នាក់(ជាបុរស) កូរ៉េ ១នាក់(ជានារី) ចិន ៦នាក់ (ជានារី) វៀតណាម ១នាក់ (ជានារី) ហៃទី ១នាក់(ជានារី) និងឡាវ ៣៧នាក់(នារី ១៨នាក់)។

ដើម្បីធានាបាននូវការ​បណ្តុះ​បណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកល​វិទ្យាល័យ​​បាន​អនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹង​ប្រព័ន្ធវាយតម្លៃគុណភាពអប់រំ​ជាប្រចាំ​ដោយ​អនុវត្តតាមស្តង់ដាធានាគុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងកំពុង​ធ្វើ​កិច្ច​សហប្រតិ​បត្តិការជាមួយ​បណ្តាសាកល​​វិទ្យាល័យ​បរទេស នៃបណ្តា​ប្រទេស​មួយ​ចំនួន​ បានចំនួន ៤៥ ​អនុស្សា​រណៈ​នៃការ​យោគ​យល់​​គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍​​និស្សិត ​មន្ត្រី និងសាស្រ្តាចារ្យលើការ​សិក្សា ការ​បង្រៀន ការស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលនានាក្នុងគោលបំណងលើកកម្ពស់​គុណ​ភាព​​​អប់រំ​ឲ្យកាន់តែល្អប្រសើរ។

ចាប់​តាំង​​ពីឆ្នាំ​១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូន​និស្សិត​ទៅបន្តការសិក្សា​ថ្នាក់​​​បរិញ្ញា​បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅ​បរទេស ​តាម​រយៈ​​​​​​អាហា​រូបករណ៍របស់​សាកលវិទ្យាល័យជាដៃគូ​នានា​បាន​ចំនួន ១.៩៩៣នាក់។ ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ សាកល​វិទ្យា​ល័យ​បាន​បញ្ជូន​និស្សិត​​ចំនួន ៩៦នាក់​​​​​ (នារី ៦៤នាក់) ទៅបន្តការសិក្សា ក្នុងនោះថ្នាក់​​​បណ្ឌិតមាន​​ចំនួន ៥នាក់(នារី ៣នាក់) ទៅសិក្សា​​​ផ្នែកនីតិសាស្រ្តនៅប្រទេស​បារាំង អូស្ត្រាលី អាមេរិក និងថ្នាក់​បរិញ្ញាបត្រជាន់​ខ្ពស់មានចំនួន ១៤នាក់ (នារី ១១នាក់) ទៅ​សិក្សា​​​ផ្នែកនីតិសាស្រ្ត និងសេដ្ឋកិច្ច​នៅ​ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អាម៉េរិក ញូសឺឡេន អូស្ត្រាលី ព្រមទាំងបានបញ្ជូននិស្សិត​ចូលរួម​ក្នុងកម្មវិធី​ផ្លាស់​ប្តូរការសិក្សាចំនួន៧៧នាក់(នារី ៥០នាក់) នៅប្រទេសបារាំង ​អាម៉េរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់​​ ចិន អេស្ប៉ាញ អ៊ីតាលី តួកគី ជប៉ុន សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ​។

ក្រៅពីនេះ ​មាននិស្សិតចំនួន ៣៦នាក់(នារី ១៧នាក់) បែងចែកជា ១០ក្រុម បានចូលរួម​ការ​ប្រកួត​សវនការប្រឌិតអន្តរជាតិ​ពាក់ព័ន្ធ​នឹង​នីតិ​អន្តរជាតិ នៅប្រទេសអាម៉េរិក ហូឡង់ ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន អាល្លឺម៉ង់ ស្វីស និងចិន។ នៅចុងឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យត្រៀម​នឹង​បញ្ជូន​និស្សិតចំនួន ​១២នាក់(នារី ៧នាក់) បែងចែកជា ៣ក្រុម ទៅ​ចូល​​​​រួម​ការ​ប្រកួត​​សវនការ​ប្រឌិតអន្តរជាតិ​ពាក់ព័ន្ធ​នឹង​នីតិ​អន្តរជាតិ នៅប្រទេសចិន និងជប៉ុន។

ដោយឡែកអគារសិក្សាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃនេះ ត្រូវបានបញ្ចប់ការសាង​សង់​ជា​ស្ថាពរកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ អគារនេះ រួមមាន​អគារ​សិក្សា ចំណតយាន​យន្ត និងការិយាល័យ កម្ពស់៦ជាន់ សាងសង់លើផ្ទៃដីទំហំ ៩ ២៨៧ ម៉ែត្រការ៉េ។ អគារនេះ ចំណាយ​ថវិកាសាងសង់ចំនួន ១៩ ៤១១ ៦០០ ០០០រៀល (ដប់ប្រាំបួនប៊ីលាន បួនរយដប់​មួយ​លាន ប្រាំមួយ​រយ​ពាន់រៀលគត់) ស្មើនឹងជិត ៥លានដុល្លារអាមេរិក ជាថវិកាផ្ទាល់របស់សាកលវិទ្យាល័យ។

អគារថ្មីនេះចែកចេញជា៖ ជាន់ផ្ទាល់ដី ប្រើប្រាស់ជាចំណត, ជាន់ទី១ ប្រើប្រាស់ជាដេប៉ាតឺម៉ង់ និង​ការិយាល័យ ចំណុះមហាវិទ្យាល័យទាំង៤, ជាន់ទី២ ដល់ជាន់ទី៥ ប្រើប្រាស់ជាបន្ទប់រៀន ដែល​សរុប​រួមមានចំនួន២៤បន្ទប់ និងជាន់ទី៦ ប្រើប្រាស់ជាសាលសន្និសីទ អាចផ្ទុកអ្នកចូលរួមបាន ៥០០នាក់៕