(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពិធីនេះរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត និងសម្ពោធអគារសិក្សាថ្មីរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិត មាតាបិតា អាណាព្យាបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលជាការសមិទ្ធផលកើតចេញពីការប្រឹងប្រែងរួមគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការសិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់នានា ទាក់ទងនឹងការអប់រំបណ្ដុះបណ្តាល និងសិក្សាស្រាវជ្រាវ ដែលបាន និង
កំពុងកែលម្អ វិស័យអប់រំនៅកម្ពុជាជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដែលបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ជាពិសេសការពង្រឹងអភិបាលកិច្ច, ការកែលម្អកម្មវិធីអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍសមត្ថភាពក្នុងការស្រាវជ្រាវ និង បង្រៀន របស់សាស្ត្រាចារ្យ, ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់បរិយាកាសសិក្សាស្រាវជ្រាវ និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស និងដៃគូពាក់ព័ន្ធ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធថ្មី រួមមាន អគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ កំពុងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពឥតឈប់ឈរ និងការប្ដេជ្ញាចិត្តយ៉ាងក្លៀវក្លា របស់សាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍស្ថាប័នឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ដ៏ពិតប្រាកដមួយនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យ បន្តខិតខំលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង នវានុវត្តន៍, ទាំងផ្នែកអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ និងសិក្សាពេញមួយជីវិត សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច, នីតិសាស្ត្រ,យុត្តិធម៌ និង រដ្ឋបាលសាធារណៈប្រកបដោយចំណេះដឹងទូលាយ, ជំនាញច្បាស់លាស់, សីលធម៌ និង វិន័យ ព្រមទាំង មនសិការស្នេហាជាតិ និងប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាពពេញលេញ ទូទាំងប្រទេស ក្នុងរយៈពេលជិត ២៨ ឆ្នាំនេះ កម្ពុជា បានពូនជ្រំសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនរាប់មិនអស់ និងកំពុងបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ស្របតាមនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថានការណ៍នយោបាយ, សង្គម, សេដ្ឋកិច្ច, វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និងបន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្ដូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម
ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាព នៃការអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និង ជំនាញទន់, ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្ដូរនៃ និម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និង បច្ចេកវិទ្យាឌីជីថល តាមរយៈ ការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌ
ការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម៤.០ តាមរយៈការកែលម្អវេទិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និងសម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និងការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន និងការបង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ, បរិវត្តកម្មបច្ចេកវិទ្យា, និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និងកសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋ ឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ដល់ស្វ័យសិក្សារបស់សិស្សនិស្សិត។ ដោយត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន សម្រាប់ជំរុញការបណ្ដុះបណ្តាលតាមប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន ព្រមទាំង
លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដោយផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធីបង្រៀន និងសម្ភារ បរិក្ខារ ឱ្យបានសមស្របនឹងចក្ខុវិស័យនៃការអប់រំសតវត្សទី២១។ ទន្ទឹមនេះ ត្រូវបន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ជាពិសេសការរៀបចំឱ្យមានបណ្ណាល័យដែលបើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងការស្រាវជ្រាវ នៅតាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីរបស់និស្សិតនៅថ្ងៃនេះ នឹងក្លាយជាអ្នកជំនាញផ្នែកច្បាប់ រដ្ឋបាលសាធារណៈ និងសេដ្ឋកិច្ច ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្ដែងនៅក្នុងសង្គម។ សម្តេចសង្ឃឹមយ៉ាងមុតមាំថា ជ័យលាភីទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីសាកលវិទ្យាល័យនេះ ទៅអនុវត្តការងារ ក្នុងគោលដៅបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ទៅតាមសេចក្តីត្រូវការជាក់ស្ដែងក្នុងវិស័យនីមួយៗ ជាការងារក្នុងស្ថាប័នរដ្ឋ ការងារក្នុងវិស័យឯកជន ឬ អង្គការជាតិ អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីកសាងខ្លួនឱ្យកាន់តែស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើជំនាញ ចំណេះដឹង និង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ និងដោយឥតងាករ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារៀនសូត្រមិនត្រូវផ្តោតត្រឹមពិន្ទុ និងចំណេះនោះទេ តែត្រូវផ្តោតលើឥរិយាបថដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក ដោយឆ្នាំដំបូងគេបង្រៀនផ្តោតជាសំខាន់លើឥរិយាបថក្នុងការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់លទ្ធភាពចំពោះការងារដែលទទួលបាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សញ្ញាបត្រ និងកម្រិតពិន្ទុ មិនមែនជាកត្តាកំណត់ភាពជោគជ័យសម្រាប់ការងារ និងជីវិតនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង ជាពិសេសអត់រៀន ក៏បានសញ្ញាបត្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មជ្ឈដ្ឋានការងារដែលល្អប្រសើរត្រូវការគុណភាព បំណិន និងឥរិយាបថ។




















































