រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប៊ែលហ្សិក ប្រចាំកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស


(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកឯកអគ្គរាជទូត មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក ក្នុងនោះក៏មានអកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាពលេចធ្លោ និងសោភ័ណភាពស្រស់ស្អាត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify នៅកម្ពុជា និងឈានទៅចែករំលែកជាមួយបណ្តាប្រទេសជាមិត្ត។ ​

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានក៏បានពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញបច្ចេកវិទ្យាឌីជីថល​ឈានមុខថ្មីៗ និងបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់ រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. និងសាកលវិទ្យាល័យនៅព្រះរាជាណាចក្រប៊ែលហ្សិក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីផ្លាស់ប្តូរសាស្រ្តចារ្យ៕