ខេត្តកំពង់ធំ មានមណ្ឌលប្រឡងបាក់ឌុបចំនួនសរុប ៥.៩៥១នាក់


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់កម្លាំងចិត្ត និងផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ឱ្យខិតខំបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងជូនពរឱ្យជាប់ទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ដំណើរការប្រឡងនៅថ្ងៃទី១នេះ គឺបានប្រព្រឹត្តទៅដោយរលូន និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវភាពបិទជិត ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ឯកឧត្តមបានបន្តក្រើនរំលឹកដល់បេក្ខជនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ គិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងឆ្លើយ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ចេះជាប់»។

បេក្ខជនមួយចំនួនបានបង្ហាញពីក្តីសង្ឃឹមខ្ពស់ក្នុងការប្រឡង ដោយសារពួកគេមានពេលវេលាសិក្សារៀនសូត្របានច្រើនជាងឆ្នាំមុនៗ បន្ទាប់ពីប្រទេសកម្ពុជាបានដំណើរការសិក្សាពេញមួយឆ្នាំ។ ពួកគេក៏បានដឹងច្បាស់អំពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្សព្វផ្សាយជាសាធារណៈ។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំមាន១៣មណ្ឌលប្រឡង ក្នុងនោះមាន៖ ផ្នែកវិទ្យាសាស្ត្រ មាន២មណ្ឌល បន្ទប់ ៤៨ បន្ទប់ មាន បេក្ខជនសរុប ១.១៩៩នាក់ ស្រី ៦៩៩ នាក់, ផ្នែកវិទ្យាសាស្ត្រសង្គម មាន១៣មណ្ឌល មាន បន្ទប់១៩១ បន្ទប់ បេក្ខជនសរុប ៥៩៥១នាក់ ស្រី ២.៧៣៩ នាក់៕