ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយគណៈមេប្រយោគនៅតាមមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ដោះស្រាយបញ្ហាបច្ចេកទេសនានា ឆ្លើយតបសំណួរ និងផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពនៃដំណើរការប្រឡងឱ្យបានទាន់ពេលវេលា តាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ថ្ងៃ២ ដែលជាថ្ងៃប្រឡងចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ វិញ្ញាសាប្រឡង រួមមាន៖
*ថ្នាក់វិទ្យាសាស្ត្រសង្គម ពេលព្រឹក ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០ ប្រឡងមុខវិជ្ជា គណិតវិទ្យា (៩០នាទី) និង ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:00 មុខវិជ្ជា សីលធម៌ពលរដ្ឋវិជ្ជា (៩០នាទី)។ ពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០ ប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (១៥០នាទី)។
*ថ្នាក់វិទ្យាសាស្ត្រ ពេលព្រឹក ចាប់ពីម៉ោង ៧: ៣០ ដល់ម៉ោង ៩:០០ មុខវិជ្ជា អក្សរសាស្ត្រខ្មែរ (៩០នាទី) និង ចាប់ម៉ោង ៩: ៣០ ដល់ម៉ោង ១១:០0 មុខវិជ្ជា រូបវិទ្យា(៩០នាទី)។ ពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០ មុខវិជ្ជា គណិតវិទ្យា (១៥០នាទី)។
តាមការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស។
សូមបន្តតាមដានផេកក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ច្បាស់ការ និងទុកចិត្តបានពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០សីហា២០២៦។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕




















