(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ឱកាសរបស់អតីតសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សសង្រ្គោះជាតិ ក្នុងការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាតួនាទី នឹងត្រូវបញ្ចប់នៅម៉ោង៩៖០០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្តេចតជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ថ្ងៃនេះទី២៦ វិច្ឆិកា គឺជាថ្ងៃឱសានវាទ និងជាឱកាសចុងក្រោយ របស់បងប្អូនមកពីអតីត គណបក្ស CNRP ដែលត្រូវបានតុលាការកំពូលបានរំលាយដោយសាលដីការ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ កន្លងទៅនេះ។ គណបក្សប្រជាជនកម្ពុជា រីករាយរង់ចាំស្វាគមន៍បងប្អូនរហូតដល់ម៉ោង ៩:០០យប់នេះ»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តទៀតថា ក៏បានថ្លែងអំណរគុណសមាជិកថ្មីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយ គណបក្សប្រជាជនកន្លងមកនេះ ដើម្បីរួមគ្នាពួតដៃកសាង និងអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។