សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
សម្តេចរដ្ឋសភាធិបតី មានសេចក្តីរីករាយជាទីបំផុត ដែលបានអញ្ជើញមកចូលរួម និងជួបសំណេះសំណាលផ្ទាល់ជាមួយសមាជិក សមាជិកាគណបក្ស និងក្រុមការងារទាំងអស់នៅក្នុងឱកាសនេះ។ ការជួបសំណេះសំណាលស្វែងយល់ពីការងារ និងសុខទុក្ខគ្នាទៅវិញទៅមក ជាវប្បធម៌ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិកទាំងអស់ផងដែរ។ សម្តេចបានគូសបញ្ជាក់ថា ជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយយើងទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
លោកស្រី រ៉ែន កន្និកា ត្រូវបានជ្រើសតាំងជា ប្រធានក្រុមការងារស្ត្រីគណបក្សស្រុកល្វាឯម។ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃក្នុងការបំពេញការងាររបស់ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានទាំង២ គឺក្រុងអរិយក្សត្រ និងស្រុកល្វាឯម ដែលបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលជាទីគាប់ចិត្តជូនគណបក្សប្រជាជនកម្ពុជា។
ការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ នាពេលនេះ ពុំមែនមានន័យថា មានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងារចលនាស្ត្រីដែលមានកន្លងមកនោះទេ។ ប៉ុន្តែ វាជាយន្តការមួយទៀតរបស់គណបក្ស បន្ថែមពីលើយន្តការក្រុមចលនាស្ត្រីថ្នាក់ស្រុក-ឃុំ-ភូមិ ដែលមានស្រាប់ ហើយដែលយន្តការទាំងបីថ្នាក់ មានគោលដៅតែមួយគត់គឺ ជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក ក្នុងគោលដៅបម្រើដល់បុព្វហេតុជាតិ មាតុភូមិ និងចក្ខុវិស័យរបស់គណបក្ស។


