ឯកឧត្តម សុខ សូកេន បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដូចជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបណ្តាភ្ញៀវជាតិ អន្តរជាតិ ផងដែរ។

ពិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ ទិវាបុណ្យឯករាជ្យជាតិ ព្រមទាំងដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»។