នារសៀលថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរគណៈប្រតិភូដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យជាក់ស្ដែងគម្រោងអភិវឌ្ឍន៍អាងទឹកពហុបំណងបាត់ដំបង (ទំនប់សេកសក) ដែលមានទីតាំងស្ថិតនៅផ្នែកខាងលើនៃអាងស្ទឹងសង្កែ ក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
សូមជម្រាបថា អាងទឹកពហុបំណងបាត់ដំបង ដែលមានផ្ទៃដីអាងទឹកទំហំ ៣០៧០ហិកតា បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៤ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០១៨។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ ទី១)តួទំនប់មានប្រវែង ៣៣២៥,៧ ម៉ែត្រ ក្នុងនោះទំនប់ដីខាងស្តាំប្រវែង ៦៩៣ ម៉ែត្រ ទំនប់ដីខាងឆ្វេងប្រវែង ២៣១៤,៧ ម៉ែត្រ និងទំនប់បេតុងប្រវែង ២០០ ម៉ែត្រ ទី២)ទំនប់បង្ហៀរប្រវែង ៧១ ម៉ែត្រ និងទំនប់មិនបង្ហៀរប្រវែង ៤៧ ម៉ែត្រ និង ទី៣)ទ្វារទឹកសរុបមានចំនួន ៧ ទ្វារ មានទទឹង ៨ ម៉ែត្រ និងកម្ពស់១០,៣០ ម៉ែត្រ។
សូមបញ្ជាក់ថា អាងទឹកនេះមានសមត្ថភាពស្ដុកទឹកបាន ១៩៣,៤៣ លានម៉ែត្រគូប មានសក្តានុពលស្រោចស្រពផ្ទៃដីរដូវវស្សា ៤៧០០០ ហិកតា និងរដូវប្រាំង ១២០០០ ហិកតា គ្របដណ្ដប់ស្រុកចំនួន៤គឺ ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និងស្រុកមោងឫស្សី និងផលិតថាមពលវារីអគ្គិសនីចំនួន ១៣,១ មេហ្គាវ៉ាត់។ លើសពីនេះ អាងទឹកនេះ បានដើរតួនាទីយ៉ាងសំខាន់ជួយកាត់បន្ថយហានិភ័យទឹកជំនន់និងគ្រប់គ្រងរំហូរទឹកស្ទឹងសង្កែ រក្សាទឹកទុកបម្រើឱ្យវិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់ខាងក្រោមទំនប់ ព្រមទាំងជួយដល់ប្រព័ន្ធអេកូឡូស៊ី និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ដ៕


