នាថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចការគ្រប់គ្រងទិន្នន័យជាតិលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា និងការរៀបចំផែនការមេអាងទន្លេ នៅសាលប្រជុំនាទីស្ដីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីឱ្យការរៀបចំផែនការមេអាងទន្លេប្រព្រឹត្តទៅដោយរលូន ស្របគ្នានឹងកិច្ចការអភិវឌ្ឍន៍មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងទិន្នន័យវិស័យធនធានទឹក និងឧតុនិយម ជាពិសេសសមិទ្ធផលរូបវន្តនៃវិស្វកម្មទំនើបកម្មមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិ និងការបំពាក់បច្ចេកវិទ្យាឌីជីថលចុងក្រោយ ដែលនឹងក្លាយជា «ខួរក្បាលឌីជីថល» ដ៏មានសក្ដានុពលក្នុងការប្រមូលផ្ដុំ វិភាគ និងព្យាករណ៍ទិន្នន័យអាកាសធាតុប្រកបដោយភាពជាក់លាក់ខ្ពស់បំផុត។
លើសពីនេះ មជ្ឈមណ្ឌលនេះក៏ជា «ឆ្អឹងខ្នងយុទ្ធសាស្ត្រ» ក្នុងការគាំទ្រដល់ស្ថាប័នពាក់ព័ន្ធនានា រាប់ចាប់ពីវិស័យកសិកម្ម អាកាសចរណ៍ស៊ីវិល រហូតដល់វិស័យទេសចរណ៍ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលជាបញ្ហាប្រឈមចម្បងក្នុងតំបន់ និងសកលលោក៕


