(ក្រចេះ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសោមនស្សរីករាយ ដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងកំណាត់ផ្លូវខេត្តលេខ៣៧៧A។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវទាំង៣ខ្សែប្រវែងជិត ១០០គីឡូម៉ែត្រ ត្រូវបានស្ថាបនាស្របតាមនិយាមបច្ចេកទេស, ដោយបានគិតគូរទាំងលក្ខខណ្ឌភូមិសាស្ត្រ, ប្រព័ន្ធរំដោះទឹក, សុវត្ថិភាពចរាចរណ៍, ផលប៉ះពាល់បរិស្ថាន និងសង្គម, ភាពធន់នឹងអាកាសធាតុ, រហូតដល់ការថែទាំ និង ការប្រើប្រាស់ក្នុងរយៈពេលវែង ដើម្បីធានាថាកំណាត់ខ្សែផ្លូវទាំងបីនេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន, តភ្ជាប់តំបន់ផលិតកម្មទៅកាន់ទីផ្សារ, ជំរុញពាណិជ្ជកម្ម និងការវិនិយោគ, បង្កើតការងារ និង ចំណូល និង រួមចំណែកដល់ការ-អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព, ភាពប្រកួតប្រជែង, បរិយាប័ន្ន និង ចីរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែអថា ផ្លូវទាំង៣ខ្សែនេះ មិនត្រឹមសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ថែមទាំងបង្កើតបានឱកាសសេដ្ឋកិច្ចថ្មីៗថែមទៀត។ ជាពិសេសការទាក់ទាញអ្នកទេសចរទៅកាន់រមណីយដ្ឋានអន្លង់ផ្សោត ទឹកជួរកាំពី និងបូជនីយដ្ឋានវិហារសសរ១០០។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើផ្លូវអស់លុយច្រើន តែផលប្រយោជន៍ទទួលបានមកវិញ គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តក្រចេះ ជាខេត្តមួយភាគឦសាន ដែលមានសក្តានុពលច្រើនសម្រាប់ឧស្សាហកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមកម្មវិធីពិសេសសម្រាប់ការវិនិយោគខេត្តភាគឦសាន ទទួលបានគម្រោងចំនួន៧២គម្រោង ទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ។ ខេត្តក្រចេះទទួលបាន ១៩គម្រោង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកសិកម្ម កម្ពុជា មិនចង់ត្រឹមរុញតែវត្ថុធាតុដើមប៉ុណ្ណោះទេ គឺត្រូវផលិតជាផលិតផលសម្រេច ដើម្បីបានតម្លៃខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃមុខនឹងមានផែពហុបំណងនៅក្នុងខេត្តក្រចេះ ដើម្បីបម្រើការដឹកជញ្ជូនតាមផ្លូវទឹក។ ផែពហុបំណងនេះ ស្ថិតនៅក្នុងស្រុកប្រែកប្រសព្វ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចមានភាពធន់ ត្រូវមានដី
មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងស្ថាប័ន រួមមានគោលនយោបាយ និងគោលការណ៍ច្បាប់ច្បាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបណ្តាខេត្តជួបទឹកជំនន់យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋរងផលប៉ះពាល់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត, គោលនយោបាយមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា នឹងនៅតែបន្តនិរន្តរភាព និងចីរភាពនេះ ព្រោះជាគោលនយោបាយដាក់ជាតិ និងប្រជាជនជាធំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មិនត្រូវនិយាយតែតួលេខទេ តែត្រូវមើលពីប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងនោះ ប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង និងឥណ្ឌាជាដើម សុទ្ធតែបានពង្រីកប្រព័ន្ធរដ្ឋបាលសាធារណៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនបង្រួមក្រសួង ជីវិតមិនអស់នោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនសួររឿងក្រសួងច្រើន ឬតិចនោះទេ។ អ្វីដែលសួរ តើក្រសួង ស្ថាប័នមានស្រាប់ មានប្រសិទ្ធភាពហើយឬនៅ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងដែលត្រូវធ្វើលើប្រព័ន្ធរដ្ឋបាលសាធារណៈ គឺត្រូវពង្រឹងរចនាសម្ព័ន្ធ ពង្រឹងប្រសិទ្ធភាព និងធនធានមនុស្ស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជាអត់យកតាមវៀតណាម តាមចិន ឬឥណ្ឌានោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនយកគំរូតាមប្រទេសណានោះទេ តែកម្ពុជា ជ្រើសយករូបមន្តណា ដែលសិក្សាថាត្រូវ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញអ្នកវិភាគបន្តផ្តល់យោបល់កែលំអលើជម្រើសរបស់រាជរដ្ឋាភិបាល ដែលជ្រើសយកកំណែទម្រង់រដ្ឋបាលសាធារណៈមិនបង្រួម តែពង្រឹងប្រសិទ្ធភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណធនាគារពិភពលោក ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជា នៅគ្រប់ដំណាក់កាល រួមមាន៖ ការអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធដឹកជញ្ជូន, ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់, ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ, ការគ្រប់គ្រងសំណល់រឹងនៅតាមទីប្រជុំជន, ការរៀបចំផែនការមេភស្តុភារកម្ម, ការកសាងសមត្ថភាព និងការសិក្សាគម្រោងនានា និង ការគាំទ្រដល់ការអនុវត្តគោលនយោបាយ និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្ករកម្ពុជាមាននៅផ្សារ Costco នៅអាមេរិកហើយ។ សម្តេចណែនាំឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកកិច្ចសហការជាមួយដៃគូអភិវឌ្ឍ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យមានគុណភាព, ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។ ជាមួយនេះ, ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាដែលកំពុងសិក្សា និង ការបង្កើតមណ្ឌលឡូជីស្ទីកនៅភូមិភាគឦសាន ដើម្បីគាំទ្រដល់ការអនុវត្ត «កម្មវិធីពិសេសជំរុញការ-វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ប្រកបដោយជោគជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម និង កម្ពុជា-ឡាវ បន្ថែមទៀត ស្របតាមការពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងរដ្ឋាភិបាលវៀតណាម និង រដ្ឋាភិបាលឡាវ កន្លងមក, ព្រមទាំង ប្រឹងប្រែងជំរុញការសិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជា៖ ការតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា និង ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម, ការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ខេត្តព្រះវិហាររបស់កម្ពុជា និង ទន្លេសេឡាំប៉ាវ ខេត្តចំប៉ាសាក់របស់ឡាវ, ការជំរុញការបើកប្រតិបត្តិការដឹកជញ្ជូននៅច្រកទ្វារព្រំដែនម៉ឺនជ័យ ខេត្តព្រៃវែងរបស់កម្ពុជា និង ច្រកទ្វារព្រំដែនតឹនណាម ខេត្តតៃនិញរបស់វៀតណាម និង ការជំរុញបើកច្រកទ្វារព្រំដែនរវាងខេត្ត-រតនគិរីរបស់កម្ពុជា និងខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម, រំហូរទេសចរណ៍, ការដឹកជញ្ជូន និង ការតភ្ជាប់រវាងប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការតភ្ជាប់ប្រទាក់ក្រឡារវាងបណ្ដាញដឹកជញ្ជូនពហុមធ្យោបាយ រួមមាន៖ ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និង កំពង់ផែ ដោយផ្តល់អាទិភាពខ្ពស់លើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់កសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និងតំបន់សមុទ្រ, ព្រមទាំង ជំរុញការអនុវត្តផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរ-មធ្យោបាយ និងភស្តុភារកម្ម ដែលក្នុងនោះមានទាំងការរៀបចំមណ្ឌលភស្តុភារកម្មចំនួន ១១កន្លែងនៅទូទាំងប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងការត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និង ប្រកបដោយគុណភាពខ្ពស់ និង បញ្ចៀសឱ្យបានជាអតិបរមានូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថានដ៏ស្រស់ស្អាតរបស់ប្រទេសយើង។ ជាមួយគ្នានេះ, ត្រូវបន្តពង្រឹង ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព របស់ស្ថានីយជញ្ជីង ដើម្បីជំរុញការអនុវត្តច្បាប់តឹងរ៉ឹង និង មិនលើកលែង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតដែលច្បាប់បានកំណត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសិក្សាដាក់ចេញនូវយន្តការ ដើម្បីដោះស្រាយបញ្ហាដែលតែងតែកើតមាននៅតាមដងផ្លូវ ដូចជា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់, ការអនុវត្ត និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក, ការដាក់សញ្ញាចរាចរណ៍នៅតាមកន្លែងដែលមានការកកស្ទះចរាចរណ៍ និង កន្លែងដែលតែងតែមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់, ការកំណត់ល្បឿនបើកបរអតិបរមាឱ្យបានសមស្រប។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យលើការថែទាំផ្លូវដែលសាងសង់រួច ដើម្បីឱ្យការប្រើប្រាស់ផ្លូវប្រើបានយូរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សរសើរលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលចុះទៅលុបដែលខូច។ សម្តេចចាត់ទុកសកម្មភាពនោះ ជាសារធំជំរុញដល់ការចូលរួមថែទាំផ្លូវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យថ្នាក់ដឹកនាំតាមបណ្តាខេត្តនានា បំផុសផលិតផលទេសចរណ៍ ដើម្បីទាក់ទាញពលរដ្ឋក្នុងខេត្ត និងមកពីខេត្តដទៃ។



















































