កម្ពុជាសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ទំនើប


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Air Cambodia និងជារដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)» ថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា (Air Cambodia)។

មជ្ឈមណ្ឌលនេះស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រការធ្វើទំនើបកម្មប្រតិបត្តិការ និងការរីកចម្រើនជារួមរបស់ក្រុមហ៊ុនអាកាសចរណ៍។

មជ្ឈមណ្ឌល AOC ថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការសម្រួលប្រតិបត្តិការហោះហើរដែលមានភាពស្មុគស្មាញ ស្របពេលដែលក្រុមហ៊ុនកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ ព្រមទាំងពង្រីកបណ្តាញហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិ។

លោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ដោយមានការចូលរួមជាមួយសមាជិកក្រុមការងារ (management team) និងតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធនានារបស់ក្រុមហ៊ុន។

ពិធីសម្ពោធនេះ បានបង្ហាញពីការបន្តផ្លាស់ប្តូរ និងអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ព្រមទាំងការរួមចំណែករបស់របស់ខ្លួនដល់ការពង្រឹងការតភ្ជាប់ ទេសចរណ៍ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា។

មជ្ឈមណ្ឌល AOC ថ្មីនេះ មានតួនាទីសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុន Air Cambodia ដោយរួមបញ្ចូលការរៀបចំ និងត្រួតពិនិត្យជើងហោះហើរតាមពេលវេលាជាក់ស្តែង ការសម្របសម្រួលយន្តហោះ និងអាកាសយានិក ការគាំទ្រផ្នែកថែទាំយន្តហោះ ប្រតិបត្តិការលើដី និងការសម្របសម្រួលសេវាកម្មអ្នកដំណើរ។

មជ្ឈមណ្ឌលនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹង សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព ភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រងចំពោះភាពមិនប្រក្រតីនៃប្រតិបត្តិការ។

មជ្ឈមណ្ឌល AOC នេះក៏ជាមូលដ្ឋានប្រតិបត្តិការដ៏សំខាន់សម្រាប់គាំទ្រដល់អាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធគ្នា៖

១៖ ការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ
– ប្រភេទយន្តហោះ Boeing៖ ផែនការទទួលយកយន្តហោះ Boeing របស់ក្រុមហ៊ុន Air Cambodia មានគោលបំណងគាំទ្រដល់ការរីកចម្រើននៃបណ្តាញជើងហោះហើរ និងការពង្រីកការតភ្ជាប់អន្តរជាតិនាពេលអនាគត។ ការដាក់ឱ្យប្រតិបត្តិការជាផ្លូវការត្រូវបានគ្រោងចាប់ពីឆ្នាំ២០៣១ ខណៈសមត្ថភាព យន្តហោះ Boeing 737 MAX បណ្តោះអាសន្ន ត្រូវបានរំពឹងថានឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២៩ ដោយអាស្រ័យលើផែនការអនុវត្ត និងកាលវិភាគប្រគល់យន្តហោះរបស់ក្រុមហ៊ុន។

– ប្រភេទយន្តហោះតំបន់ COMAC C909៖ ក្រុមហ៊ុន Air Cambodia មានផែនការដាក់ឱ្យប្រើប្រាស់យន្តហោះតំបន់ប្រភេទ C909 ដើម្បីពង្រឹងការតភ្ជាប់ជើងហោះហើរក្នុងស្រុក និងជើងហោះហើរតំបន់ចម្ងាយខ្លី។ កម្មវិធីបច្ចុប្បន្នគ្រោងទទួលយន្តហោះរហូតដល់ ២០គ្រឿង ដោយការប្រគល់យន្តហោះដំបូង ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៦ អាស្រ័យលើកាលវិភាគប្រគល់ដែលបានព្រមព្រៀងគ្នា។

២៖ ការពង្រីកបណ្តាញជើងហោះហើរ និងការពង្រឹងប្រតិបត្តិការលើដី

– ការពង្រឹងការតភ្ជាប់ក្នុងស្រុក៖ ក្រុមហ៊ុនអាកាសចរណ៍កំពុងខិតខំកែលម្អភាពងាយស្រួលរបស់អ្នកដំណើរ និងភាពបត់បែននៃកាលវិភាគជើងហោះហើរក្នុងស្រុក ដែលតភ្ជាប់រវាង សៀមរាប ភ្នំពេញ និងព្រះសីហនុ។

– ការសម្របសម្រួលប្រតិបត្តិការតភ្ជាប់នៅសៀមរាប៖ ដោយសហការជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ព្រមទាំងអាជ្ញាធរ និងអ្នកផ្តល់សេវាពាក់ព័ន្ធ ក្រុមហ៊ុន Air Cambodia មានគោលបំណងកែលម្អដំណើរការផ្ទេរអ្នកដំណើរ រួមមាននីតិវិធីអន្តោប្រវេសន៍ សន្តិសុខ ការគ្រប់គ្រងឥវ៉ាន់ និងវិធានការសម្របសម្រួលអ្នកដំណើរផ្សេងៗទៀត ដើម្បីគាំទ្រដល់ការតភ្ជាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព។

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល AOC ថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន Air Cambodia ក្នុងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព និងគុណភាពសេវាកម្ម។

ក្នុងនាមជាប្រតិបត្តិករសំខាន់សម្រាប់គាំទ្រការធ្វើទំនើបកម្មប្រភេទយន្តហោះ ការពង្រីកបណ្តាញជើងហោះហើរ និងការលើកកម្ពស់ការផ្តល់សេវាកម្ម រួមជាមួយនឹងការបន្តវិនិយោគលើយន្តហោះ ធនធានមនុស្ស ប្រព័ន្ធប្រតិបត្តិការ និងការសម្របសម្រួលជាមួយអាកាសយានដ្ឋាន មជ្ឈមណ្ឌល AOC ថ្មីនេះនឹងផ្តល់មូលដ្ឋានគាំទ្រដ៏រឹងមាំសម្រាប់ការពង្រឹងប្រតិបត្តិការរបស់ក្រុមហ៊ុន និងជំរុញបន្ថែមទៀតនូវមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងការពង្រីកការតភ្ជាប់របស់កម្ពុជាជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕