(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល អ៊ូសបេគីស្ថាន បានចុះអនុស្សរណៈយោគយល់គ្នាពី កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេស អ៊ូសបេគីស្ថាន។ ចំពោះកិច្ចសហប្រតិបត្តិការនេះរំពឹងថា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងក្រោមចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Timur Ishmetov ទេសាភិបាល ធនាគារកណ្តាល អ៊ូសបេគីស្ថាន នៅក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum ដែលត្រូវបានសហការ រៀបចំឡើងដោយធនាគារកណ្តាល អ៊ូសបេគីស្ថាន និងស្ថាប័ន Global Finance & Technology Network (GFTN) ចាប់ពីថ្ងៃទី២៤-២៦ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងតាស៊ិន ប្រទេសអ៊ូសបេគីស្ថាន។
អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារ កណ្តាលទាំងពីរ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធលើការងារសំខាន់ៗចំនួន៤រួមមាន៖
១៖ ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ និងទូទាត់ឌីជីថល។
២៖ នយោបាយរូបិយវត្ថុ និងការតាមដាន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។
៣៖ ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
៤៖ ការគ្រប់គ្រង ប្រតិបត្តិការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។
ការពង្រីកកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាគាំទ្រដល់សមាហរណកម្មហិរញ្ញវត្ថុក្នុង តំបន់និងអន្តរជា៕







