ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មីប្រចាំកម្ពុជា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងស៉ីជម្រៅបន្ថែមទៀត


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ.អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាន នៅទីក្រុងហាណូយ នៅវិមានសន្តិភាព។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី និងបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងបន្តថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត មានទំនាក់ទំនងល្អប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាយ៉ាងយូរអង្វែង និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលតែងតែជួយជ្រោមជ្រែងដល់សហគមន៍ឥស្លាមកម្ពុជា លើគ្រប់វិស័យ រួមទាំងសាសនា និងសេដ្ឋកិច្ច ជាពិសេសការសម្រួល និងបានផ្តល់កូតាជូនបងប្អូនមុស្លិមកម្ពុជា បានទៅបំពេញបុណ្យហាជ្ជជារៀងរាល់ឆ្នាំ។

ប៉ុន្តែដោយសារកំណើនសេដ្ឋកិច្ចកម្ពុជា និងជីវភាពសាសនិកឥស្លាមកម្ពុជា មានការកើនឡើង នាំឱ្យតម្រូវការទៅបំពេញបុណ្យហាជ្ជមានការកើនឡើងជាលំដាប់ ដូច្នេះទេសរដ្ឋមន្ត្រី កំពុងរៀបចំស្នើសុំឱ្យភាគីអារ៉ាប៊ីសាអូឌីត ជួយពិចារណាបន្ថែមចំនួនកូតាហាជ្ជ ជូនកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាមានកូតាចំនួន១២០០នាក់។ លោកទេសរដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈលោកដែលជាអគ្គរាជទូតថ្មី គឺនឹងនាំយកនូវសំណូមពរនេះ ដើម្បីផ្តល់ចំនួនកូតាហាជ្ជនេះបន្ថែមជូនដល់សាសនិកឥស្លាមកម្ពុជា។

ទន្ទឹមគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកអំពីសមិទ្ធផលនៃសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជាទទួលបាន ដោយសារគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងនោះសហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។

ឯកឧត្តមបណ្ឌិតបានលើកឡើងបន្តថា កម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក្នុងនោះសាសនាព្រះពុទ្ធចំនួន ៩៣ភាគរយ សាសនាឥស្លាមប្រមាណ ៥ ភាគរយ និងមានសាសនាផ្សេងៗទៀត ដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានជម្លោះសាសនាឡើយ។

ជាការឆ្លើយតប ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងខាងលើ ហើយបានចាត់ទុកថាកម្ពុជា គឺជាប្រទេសមួយដែលជាប្រទេសគំរូ ដែលគួរតែយកគំរូតាមក្នុងការធ្វើនូវភាពសុខដុមរមនីយកម្ម និងការរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ហើយអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសមួយដែលតែងតែគាំទ្រ និងកំពុងតែគាំទ្រទៅដល់ប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីបម្រើនូវភាពល្អប្រសើរទាំងសាសនាផង ហើយនិងទាំងកិច្ចការរដ្ឋផងដែរ។

ឯកឧត្តមបានបន្តថា ទាក់ទងជាមួយនិងការធ្វើបុណ្យហាជ្ជ ឯកឧត្តមនឹងនាំយកសំណើនេះទៅជម្រា​បជូនស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ថែមចំនួនកូតាដល់កម្ពុជា បន្ថែមលើអ្វីដែលជាទំនាក់ទំនង របស់អារ៉ាប៊ីសាអូឌីត-កម្ពុជា ដែលមានស្រាប់ទាក់ទងនឹងកិច្ចការឥស្លាមមួយចំនួន ដូចជាការបញ្ជូនអ៉ីមាំមកដឹកនាំថ្វាយបង្គំនៅក្នុងខែរ៉ាម៉ាឌន ការងារអប់រំផ្នែកសាសនា ដែលមានក្រុមអ្នកអប់រំ និងផ្សព្វផ្សាយឥស្លាមកម្ពុជា (ទូអាត) ការបង្រៀនសាសនា ព្រមទាំងមានចែកគម្ពីរអាល់គួរអានដល់សហគមន៍ឥស្លាមកម្ពុជា ផងដែរ។ ជាមួយគ្នាដែរ ឯកឧត្តមក៏បានលើកឡើងពី កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗផងដែរ ដូចជាពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗផ្សេងទៀត។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាយ៉ាងជ្រាលជ្រៅ ដោយភាគីទាំងពីរបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើមី្បផលប្រយោជន៍រួមនៃប្រជាជននៃប្រទេសទាំងពីរ នៅក្នុងអាណត្តិបេសកកម្មការទូតថ្មីនេះ៕