ឯកឧត្តម ម៉ម ប៊ុននាង ទទួលជួបគណៈប្រតិភូវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា និងក្រុមហ៊ុន First Mate ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឌីជីថល និងគម្រោង «Smart Classroom» នៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (IDIC/E-School Cambodia) និងក្រុមហ៊ុន First Mate Co., Ltd. នៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការសិក្សាតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។

គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឈន ឈុនឡេង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្ថាបនិក និងជាអគ្គនាយក E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង លោក Kim Young Man តំណាងក្រុមហ៊ុន First Mate Co., Ltd. នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងសហការី។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ក្នុងការលើកកម្ពស់ការអប់រំឌីជីថល និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ កន្លងមក វិទ្យាស្ថានបានចូលរួមក្នុងសកម្មភាពជាច្រើន រួមមានការផ្តល់កុំព្យូទ័រយួរដៃជូនប្រធានក្រុមប្រឹក្សាសង្កាត់ទូទាំងរាជធានីភ្នំពេញ ការផ្តល់អាហារូបករណ៍ ១០០% ជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមគ្រួសារ ព្រមទាំងមន្ត្រី យុវជន និងយុវនារីនៅតាមមូលដ្ឋាន សរុបប្រមាណជាង ៤០០នាក់ សម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធឌីជីថល។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ឈន ឈុនឡេង បានជម្រាបជូនអំពីវឌ្ឍនភាព និងទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការរវាង E-School Cambodia/វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា និងក្រុមហ៊ុន First Mate នៃសាធារណរដ្ឋកូរ៉េ ជាពិសេសការរៀបចំ និងអភិវឌ្ឍគម្រោង «ថ្នាក់រៀនឆ្លាតវៃ – Smart Classroom» នៅកម្ពុជា។

ក្រុមហ៊ុន First Mate មានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការផ្គត់ផ្គង់ និងអភិវឌ្ឍប្រព័ន្ធ Smart Classroom ហើយបច្ចុប្បន្នកំពុងអនុវត្តគម្រោងពាក់ព័ន្ធនៅប្រទេសម៉ុងហ្គោលី។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ E-School Cambodia ក្រុមហ៊ុនមានបំណងនាំយកបទពិសោធន៍ បច្ចេកវិទ្យា និងប្រព័ន្ធសិក្សាទំនើប មកចូលរួមអភិវឌ្ឍវិស័យអប់រំឌីជីថលនៅកម្ពុជា។

តាមផែនការបឋម គម្រោង Smart Classroom គ្រោងមានទំហំវិនិយោគសរុបជាង ៩០លានដុល្លារអាមេរិក និងគ្រោងបង្កើតឱកាសការងារសម្រាប់គ្រូបង្គោលប្រមាណជាង ៥,០០០នាក់។ ថ្នាក់រៀនឆ្លាតវៃនីមួយៗ គ្រោងបំពាក់ PC Tablet ចំនួន ៣៨គ្រឿង និង Smart TV ចំនួន ១គ្រឿង ដើម្បីគាំទ្រការសិក្សាភាសាបរទេស ដូចជា ភាសាអង់គ្លេស ចិន ជប៉ុន និងកូរ៉េ តាមប្រព័ន្ធ AI ព្រមទាំងការបណ្តុះបណ្តាលជំនាញឌីជីថល ដូចជា Word, Excel, PowerPoint, Coding, Design និង Digital Marketing។

គម្រោងក៏គ្រោងរៀបចំ គ្រូបង្គោលប្រចាំថ្នាក់ ដើម្បីណែនាំការប្រើប្រាស់កម្មវិធីសិក្សា គ្រប់គ្រង និងថែទាំប្រព័ន្ធបច្ចេកទេស តាមដានការសិក្សា និងរៀបចំរបាយការណ៍ ដោយការចំណាយលើប្រាក់បៀវត្សគ្រូបង្គោល គ្រោងជាបន្ទុករបស់ក្រុមហ៊ុន First Mate។

ជំហានដំបូង គម្រោងគ្រោងរៀបចំ Smart Classroom គំរូ ក្រោមឈ្មោះ «យុវជនឌីជីថលព្រឹទ្ធសភា (បណ្ណាល័យឌីជីថល)» និងនៅ ឃុំផ្ដៅជុំ ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិត និងយុវជន ក្នុងការសិក្សាភាសាបរទេស និងអភិវឌ្ឍជំនាញឌីជីថល។

បន្ទាប់ពីគម្រោងគំរូនេះ គ្រោងនឹងពង្រីកទៅកាន់សាលារៀនចំនួន ៥ទីតាំងក្នុងខេត្តកំពង់ចាម ជាដំណាក់កាលសាកល្បង មុននឹងសិក្សាលទ្ធភាពពង្រីកទៅកាន់បណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេស។

ជំនួបនេះជាជំហានដ៏សំខាន់មួយបន្ថែមទៀត ក្នុងការភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងដៃគូពីសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកលើកកម្ពស់ ការអប់រំឌីជីថល ការអភិវឌ្ឍជំនាញបច្ចេកវិទ្យា និងការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការនៃសង្គមឌីជីថល៕