ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ រៀបចំពិធីពិសាអាហារថ្ងៃត្រង់ការងារ ជូនប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងឥណ្ឌូណេស៉ី


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ការងារ ជូនឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកនៃសន្និសីទប្រធានសភា នៃអន្តរសភា និងឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាមជាន់ខ្ពស់ជាច្រើនរូប នៅភោជនីយដ្ឋានចិនមូស្លីម ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីពិសាអាហារការងារនេះ ធ្វើឡើងឆ្លៀត ក្នុងឱកាសប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងបរិយាកាសស្និទ្ធស្នាលនេះ ភាគីទាំងបីបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយប៉ាគីស្ថាន និងឥណ្ឌូណេស៊ី ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕