សន្និសីទប្រធានសភានៃអន្តរសភា គឺជាវេទិកាថ្មីសម្រាប់ការទូតសភា សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ


នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានរៀបចំពិធីបើកជាផ្លូវការនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គសេនាមហាបេតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។ សន្និសីទ​ប្រធាន​សភានៃ​អន្តរសភា (ISC) គឺជាវេទិកាអន្តរសភាអន្តរជាតិថ្មីមួយ ដែលមានគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំសភាពីប្រទេសនានា ដើម្បីពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការទូតសភា ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព សន្តិសុខ និងវិបុលភាពរួម។

សន្និសីទ ISC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្នុងបរិបទដែលសហគមន៍អន្តរជាតិកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាជម្លោះប្រដាប់អាវុធ ភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាសន្តិសុខ ការប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាឆ្លងដែន។ តាមរយៈវេទិកានេះ សភាត្រូវបានលើកទឹកចិត្តឱ្យដើរតួនាទីកាន់តែសកម្មក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងជំរុញការគោរពច្បាប់អន្តរជាតិ។ សន្និសីទ ISC ក៏មានគោលបំណងជំរុញការយល់ដឹងទៅវិញទៅមក និងកិច្ចសន្ទនារវាងប្រទេសដែលមានប្រព័ន្ធនយោបាយ វប្បធម៌ និងទស្សនៈខុសៗគ្នាផងដែរ។

សូមរម្លឹកថា សន្និសីទប្រធាន​សភានៃ​អន្តរសភាលើកទី១ ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន នៅខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ»។ សន្និសីទនេះ បានក្លាយជាជំហានដំបូងក្នុងការបង្កើតវេទិកាអន្តរសភា ដែលផ្តោតជាពិសេសទៅលើការចូលរួមរបស់ថ្នាក់ដឹកនាំសភាក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។

ឯកឧត្ដម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ត្រូវបានចាត់ទុកជាអ្នកដឹកនាំស្ថាបនិករបស់សន្និសីទ ISC។ បន្ទាប់ពីសន្និសីទលើកដំបូង វេទិកានេះ បានចាប់ផ្តើមមានតួនាទីជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរទស្សនៈរវាងថ្នាក់ដឹកនាំសភា និងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី។

បន្ទាប់ពីសន្និ​សីទលើកទី១ កម្ពុជា ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និសីទ ISC លើកទី២ ដែលត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ការទូតសភារបស់កម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលរៀបចំរួមគ្នាដោយព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដែលបង្ហាញពីការផ្តោតសំខាន់របស់សន្និសីទលើការពង្រឹងសន្តិភាព ការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ ព្រមទាំងការស្វែងរកដំណោះស្រាយចំពោះជម្លោះតាមរយៈការសន្ទនា និងមធ្យោបាយសន្តិវិធី ដោយមានការចូលរួមពីគណៈប្រតិភូ ២៦ប្រទេស និងអង្គការអន្តរជាតិចំនួន៥៕