សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់និស្សិតក្រីក្រដែលមកសិក្សានៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមសេចក្តីរាយការណ៍របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងអំពីវឌ្ឍនភាពនៃការសាងសង់អន្តេវាសិកដ្ឋានស្ត្រីនេះគឺសម្រេចបាន ៧០% ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្មវិធីបណ្តុះបណ្តាលបន្ថែម និងការត្រៀមជ្រើសរើសនិស្សិតនារីក្រីក្រ រួមមានគោលដៅដូចជា៖ គ្រួសារខ្វះខាត ជនមានពិការភាព កូនកំព្រា គ្រួសារវីរៈកងកម្លាំងទាំងបីប្រភេទ កូនគ្រួសារជនភៀសសឹក ជនជាតិភាគតិច និងជនជាតិដើមភាគតិច ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនក្រុមវិស្វករ និងកម្មករការដ្ឋានទាំងអស់គ្នា។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា៖ អន្តេវាសិកដ្ឋានស្ត្រីដ៏ទំនើប និងមានសារៈសំខាន់នេះ នឹងក្លាយទៅជាកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ផ្តល់ផាសុកភាព ជូនដល់និស្សិតក្រីក្រ ដែលមកពីតាមបណ្តាខេត្តឆ្ងាយៗ ដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ។
អន្តេវាសិកដ្ឋាននេះមិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារស្ត្រី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លើយតបយ៉ាងប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសគឺបញ្ចកោណទី១ «ការអភិវឌ្ឍធនធានមនុស្ស» និងស្នូលនៃមុំទី២ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ» និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រ កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សស្រី និងបើកទ្វារឱកាសមាសសម្រាប់ស្ត្រីក្នុងការទទួលបានការអប់រំកម្រិតខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។
ក្នុងថ្ងៃនេះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោយ មកចែកជូនដល់អ្នកដែលបានចូលរួមចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០រៀល (ប្រាំម៉ឺនរៀល) អង្ករ ១០ គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ និងក្រមា ១ ទឹកសុទ្ធ ១ដប នុំប័ង ១ដើម៕




