តាកែវ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក-ឃុំ-សង្កាត់ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ១០០ ក្នុងខេត្តតាកែវ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់ក្រុមការងារក្រុង-ស្រុកទាំង ១០ ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តឱ្យបានសកម្ម និងពេញលេញនូវ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។ ហើយសមាជិក សមាជិកាគណបក្សនៅថ្នាក់ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងតម្លាភាព ។
ឯកឧត្តមបណ្ឌិត បន្តថា មួយវិញទៀតត្រូវគ្រប់គ្រងបញ្ជីសមាជិកគណបក្សឱ្យបានច្បាស់លាស់ និងគ្រប់ ជ្រុងជ្រោយ ព្រមទាំងបន្តជំរុញ និងសម្របសម្រួលឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ត្រូវខិតខំកៀរគរសំឡេងគាំទ្រគណបក្សឱ្យបានផុសផុល ដើម្បីសម្រេចបានគោលដៅជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ។ បន្ថែមលើនេះ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចុះផ្ទាល់ដល់មូលដ្ឋានដើម្បីជួយសម្រាល និងដោះស្រាយទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕


