ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ Scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។
ភាគីថៃបានប្រើពាក្យដូចជា «តម្លាភាព» «ការផ្ទៀងផ្ទាត់» «ការពិត» និង «ការសន្ទនា» ដើម្បីពណ៌នាអំពីដំណើរទស្សនកិច្ចនេះ។ ប៉ុន្តែ មុននឹងពិភាក្សាអំពីអ្វីដែលមាននៅក្នុងអគារ ឯកសារ កុំព្យូទ័រ ឬសម្ភារៈផ្សេងៗដែលថៃអះអាងថាពាក់ព័ន្ធនឹង Online Scams មានការពិតជាមូលដ្ឋានមួយដែលត្រូវផ្ទៀងផ្ទាត់មុនគេ៖ តើអគារទាំងនោះស្ថិតនៅលើទឹកដីរបស់អ្នកណា? ហើយសំណួរបន្ទាប់ដែលសំខាន់មិនចាញ់គ្នាគឺ៖ តើកងកម្លាំងថៃបានចូលទៅគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា? នេះជាសំណួរស្នូលដែលមិនអាចបង្វែរបានដោយការរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន ឬការបង្ហាញសម្ភារៈណាមួយឡើយ។
*មុននឹងផ្ទៀងផ្ទាត់អគារ ត្រូវមានការបញ្ជាក់ពីព្រំដែនជាមុន
ចំពោះទីតាំងនៅអូរស្មាច់ កម្ពុជាបានបញ្ជាក់ជាផ្លូវការជាបន្តបន្ទាប់ថា ទីតាំងដែលកងកម្លាំងថៃចូលទៅគ្រប់គ្រងស្ថិតក្នុងទឹកដីកម្ពុជា។ កម្ពុជាក៏បានតវ៉ាជាផ្លូវការចំពោះការនាំមន្ត្រីយោធា អនុព័ន្ធយោធាបរទេស និងអ្នកសារព័ត៌មានចូលទៅតំបន់ទាំងនេះដោយគ្មានការយល់ព្រមពីអាជ្ញាធរកម្ពុជា។
ដូច្នេះ ការដែលកងកម្លាំងថៃអាចចូលទៅកាន់ទីតាំងមួយ គ្រប់គ្រងទីតាំងនោះ ឬនាំភាគីទីបីចូលទៅមើលទីតាំងនោះ មិនអាចធ្វើឱ្យទីតាំងនោះក្លាយជាទឹកដីថៃបានឡើយ។ វត្តមានយោធាមិនមែនជាបង្គោលព្រំដែន។ ការដោតទង់ជាតិមិនមែនជាឯកសារកំណត់អធិបតេយ្យភាព។ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំងក៏មិនអាចជំនួសផែនទី សន្ធិសញ្ញា ឯកសារព្រំដែន និងមូលដ្ឋានផ្លូវច្បាប់ដែលកំណត់ទឹកដីរបស់រដ្ឋបានដែរ។
បើថៃពិតជាចង់ឱ្យអ្នកសារព័ត៌មាន «ពិនិត្យការពិតឱ្យបានគ្រប់ជ្រុងជ្រោយ» ការពិនិត្យមិនគួរចាប់ផ្តើមត្រឹមតែពីអ្វីដែលមាននៅក្នុងអគារនោះទេ។ វាត្រូវចាប់ផ្តើមពីទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា ឯកសារព្រំដែន ស្ថានភាពមុនពេលមានការប្រយុទ្ធ និងមូលដ្ឋានផ្លូវច្បាប់នៃវត្តមានកងកម្លាំងថៃនៅទីនោះ។
Online Scams មិនអាចបម្លែងការចូលទឹកដីរដ្ឋមួយទៀតឱ្យក្លាយជាសកម្មភាពស្របច្បាប់បានទេ។ កម្ពុជាមិនការពារ Online Scams ទេ។ កម្ពុជាប្រឆាំងឧក្រិដ្ឋកម្ម Online Scams ហើយបានអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ ដោយសហការជាមួយដៃគូអន្តរជាតិ និងប្រទេសពាក់ព័ន្ធ។ ប៉ុន្តែការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងបញ្ហាអធិបតេយ្យភាពរបស់រដ្ឋ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា។
ប្រសិនបើមានបទល្មើសនៅក្នុងប្រទេសមួយ វាត្រូវដោះស្រាយតាមរយៈការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការប៉ូលិស ការចែករំលែកព័ត៌មានស៊ើបការណ៍ ជំនួយផ្លូវច្បាប់ទៅវិញទៅមក ការចាប់ខ្លួន ការបញ្ជូនជនសង្ស័យ និងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់។
ការសង្ស័យថាមានឧក្រិដ្ឋកម្មនៅក្នុងទឹកដីរដ្ឋមួយ មិនផ្តល់សិទ្ធិឱ្យកងកម្លាំងរបស់រដ្ឋមួយទៀតចូលទៅកាន់ កាន់កាប់ ឬអនុវត្តអំណាចលើទឹកដីនោះដោយឯកតោភាគីឡើយ។
ការផ្ទៀងផ្ទាត់ការពិតដែលគួរឱ្យជឿទុកចិត្ត ត្រូវពិនិត្យមិនត្រឹមតែអ្វីដែលថៃកំពុងបង្ហាញនៅថ្ងៃនេះទេ ប៉ុន្តែត្រូវពិនិត្យថា តើអ្វីបានកើតឡើងមុន និងអ្វីបានកើតឡើងក្រោយ។
សំណួរដែលគួរសួរគឺ៖ តើវត្តមានយោធាថៃនៅទីតាំងទាំងនេះកើតឡើងដោយសារតែប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំង Online Scams ឬ Online Scams កំពុងត្រូវបានយកមកប្រើក្រោយមក ដើម្បីពន្យល់ និងផ្តល់ភាពស្របច្បាប់ដល់វត្តមានយោធាខុសច្បាប់លើទឹកដីកម្ពុជាដែលបានកើតឡើងរួចទៅហើយ?
សំណួរនេះមានសារៈសំខាន់ ព្រោះ «ការពិត» មិនអាចត្រូវបានផ្តាច់ចេញពីកាលប្បវត្តិនៃព្រឹត្តិការណ៍បានឡើយ។ បើការគ្រប់គ្រងទីតាំងកើតឡើងជាលទ្ធផលនៃសកម្មភាពយោធា នោះការនាំយក Online Scams មកពន្យល់នៅពេលក្រោយ មិនអាចបម្លែងប្រភពនៃការគ្រប់គ្រងនោះឱ្យក្លាយជាសកម្មភាពស្របច្បាប់បានទេ។ នេះហើយជាមូលហេតុដែល Online Scams មិនត្រូវក្លាយជាលេសក្រោយហេតុការណ៍ ដែលយោធាថៃប្រើ ដើម្បីបង្កើតភាពស្របច្បាប់ឱ្យវត្តមាន ឬការគ្រប់គ្រងទឹកដីដោយកម្លាំងឡើយ។
*«Fact-checking» មិនអាចជ្រើសរើសតែការពិតដែលភាគីម្ខាងចង់បង្ហាញបានទេ
ការផ្ទៀងផ្ទាត់ការពិតដែលមានវិជ្ជាជីវៈ និងគួរឱ្យជឿទុកចិត្ត មិនអាចមានន័យថា អ្នកសារព័ត៌មានត្រូវបាននាំទៅមើលតែទីតាំង សម្ភារៈ ឬព័ត៌មានដែលភាគីម្ខាងបានរៀបចំឱ្យមើល ហើយបញ្ចប់ការសន្និដ្ឋានត្រឹមនោះទេ។
*Online Scams មិនត្រូវក្លាយជាវាំងននបិទបាំងសំណួរអំពីអធិបតេយ្យភាពកម្ពុជា
បញ្ហា Online Scams គួរត្រូវបានស៊ើបអង្កេត និងបង្ក្រាបដោយម៉ឺងម៉ាត់។ អ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខនឹងច្បាប់។ ប៉ុន្តែមានបន្ទាត់ក្រហមមួយដែលមិនអាចឆ្លងកាត់បាន៖ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមិនអាចត្រូវបានប្រើ ដើម្បីបង្កើតភាពស្របច្បាប់ឱ្យសកម្មភាពដែលរំលោភអធិបតេយ្យភាពរបស់រដ្ឋមួយទៀតបានទេ។ ការបដិសេធចំពោះវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន មិនមានន័យថាកម្ពុជាកំពុងការពារ Online Scams ទេ។ ការប្រឆាំងនឹងការរំលោភអធិបតេយ្យភាព មិនមែនជាការប្រឆាំងនឹងការអនុវត្តច្បាប់ទេ។
អ្នកសារព័ត៌មានអាចផ្ទៀងផ្ទាត់អ្វីដែលពួកគេបានឃើញ។ ប៉ុន្តែពួកគេក៏ត្រូវផ្ទៀងផ្ទាត់ផងដែរថា ពួកគេកំពុងឈរនៅទីណា អ្នកណាបាននាំពួកគេទៅទីនោះ និងតើវត្តមានរបស់ភាគីដែលកំពុងគ្រប់គ្រងទីតាំងនោះមានមូលដ្ឋានផ្លូវច្បាប់អ្វី។
សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាបានតវ៉ាយ៉ាងខ្លាំងចំពោះការនាំអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់ទៅកាន់សណ្ឋាគារពីរកន្លែងនៅអូរស្មាច់ ដោយក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ទីតាំងទាំងនោះស្ថិត ៣៩៧ ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ជាប់បង្គោលព្រំដែនលេខ១៥ ហើយថា តំបន់នោះត្រូវបានកងកម្លាំងថៃចូលគ្រប់គ្រងដោយកម្លាំងក្នុងអំឡុងការប្រយុទ្ធខែធ្នូ ឆ្នាំ២០២៥។
បន្ទាប់មក កម្ពុជាបានតវ៉ាចំពោះការដាក់កុងតឺន័ររារាំងផ្លូវ ការសាងសង់ផ្លូវ ការដាក់លួសបន្លា ការជីកទំនប់ដី និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់អូរស្មាច់។ កម្ពុជាក៏បានតវ៉ាចំពោះការដោតទង់ជាតិថៃ និងការនាំអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ទីតាំងនៅតំបន់អូរស្មាច់ ទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតពីកម្ពុជា។
នៅថ្ងៃទី៣០ ខែមិថុនា ក្រសួងព័ត៌មានកម្ពុជាក៏បានបញ្ជាក់ជាផ្លូវការថា ការនាំអ្នកសារព័ត៌មានបរទេសចូលអូរស្មាច់ដោយភាគីថៃ មិនអាចផ្តល់សិទ្ធិអំណាច ឬអធិបតេយ្យភាពដល់ភាគីថៃលើទីតាំងនោះបានឡើយ។
មុននឹងផ្ទៀងផ្ទាត់ថា មានអ្វីនៅក្នុងអគារ ត្រូវផ្ទៀងផ្ទាត់ជាមុនថា អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា ព្រោះការនាំអ្នកសារព័ត៌មានទៅមើលទីតាំងមួយ មិនអាចបង្កើតអធិបតេយ្យភាពបានទេ។ ការគ្រប់គ្រងដោយកម្លាំងមិនអាចគូរខ្សែព្រំដែនថ្មីបានទេ។ ហើយ Online Scams មិនអាចក្លាយជាលេសក្រោយហេតុការណ៍ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ទឹកដីខុសច្បាប់ដោយកម្លាំងបានឡើយ៕






