វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ  នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេទិកា ផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តត្បូងឃ្មុំ ​បានធ្វើឡើង​នៅស្រុកពញាក្រែក ក្រោម​អធិបតីភាព​ ឯកឧត្តម ឡាន់​ ឆន ​ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ឡុង ធាម អភិបាល​រងខេត្ត​ត្បូងឃ្មុំ ​ដោយមានការ​ចូលរួមពី​សមាជិកក្រុមប្រឹក្សាខេត្ត ​ថ្នាក់ដឹកនាំ​មន្ទីរ ​អង្គភាព ស្ថាប័ន ជុំវិញខេត្ត ​អភិបាល ​អភិបាលរងស្រុក ​សមាជិកក្រុមប្រឹក្សាឃុំ ​មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ ។

ឯកឧត្តម ឡាន់ ឆន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ ​គឺជាឱកាស​ផ្តល់ជូន​ប្រជាពលរដ្ឋ​គ្រប់លំដាប់ថ្នាក់​ក្នុងស្រុកពញាក្រែក ដើម្បីធ្វើការផ្លាស់​ប្តូរ​យោបល់​ បទពិសោធន៍​ និងពិភាក្សា​គ្នាដោយលើក​ឡើងនូវសំណួរ ​សំណូមពរ មតិយោបល់​ផ្ទាល់​ខ្លួន​អំពីអាទិភាព​នៃការរួមចំណែក​អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រកប ដោយចីរភាពតាម​បែប​ប្រជាធិបតេយ្យ។​

ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរចំនួន១២ ដើម្បីឱ្យ​ក្រុមការងារ​ធ្វើការ​ឆ្លើយ​នឹងសំណួរ​ ហើយដោះស្រាយ​បញ្ហាដែលពួកគាត់​បានជួបប្រទះ ដូចជា បញ្ហាសេវា​សាធារណៈ ​ការធ្វើអត្ត​សញ្ញាណប័ណ្ណ ​សំបុត្រកំណើត សំណូមពរ ការជួសជុលផ្លូវ សាងសង់​សាលារៀន​ ការរំខាន​ដោយសំឡេង​ចេញពីរោងចក្រ​​និងត្រីសាច់ ផលដំណាំ​ប្រជាពលរដ្ឋ​ដែល​ផលិត​បាន​មានតម្លៃទាប​ជាដើម ។

ឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់​ទិននឹងជីវភាពរស់​នៅរបស់​ប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន​ត្រូវបាន​ក្រុមការងារ​ ពិសេសតាម​មន្ទីរអង្គភាព​ជំនាញបានធ្វើការឆ្លើយបំភ្លឺ។

ក្នុងឱកាសនោះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឡុង ធាម អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ​បានគូស​បញ្ជាក់ថា ​វេទិកាផ្សព្វផ្សាយ ​និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជា​ព្រឹត្តិការណ៍​ដ៏មានសារៈ​សំខាន់មួយ​ សម្រាប់លើក​កម្ពស់គណនេយ្យភាព ​តម្លាភាព និង ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងកិច្ចដំណើរ​ការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តម ​បន្តថា​រាល់សំណួរ​ និងសំណូមពរ​របស់ប្រជាពលរដ្ឋ ​ដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត​ និងមន្រ្តី​ជំនាញបាន​ធ្វើការកត់ត្រាទុក​ និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួច ហើយ​ចំពោះ​បញ្ហានៅ​សល់មួយចំនួន​ ឯកឧត្តមនឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត ។

ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម ឡុង ធាម បានស្នើរឱ្យមន្ត្រីទំាងអស់ ត្រូវយកចិត្តទុកលើការងារ តួនាទី​ភារកិច្ច​របស់ខ្លួន ​ដោយអនុវត្តន៍​ទៅតាមលក្ខខណ្ឌ​ការងារដែល​បានបែងចែកកន្លងមក ម្យ៉ាង​វិញទៀត​ កាដោះស្រាយ​រាល់បញ្ហា​របស់ប្រជាពលរដ្ឋ គឺជាការទទួលខុស​ត្រូវរបស់​មន្ត្រី​ជំនាញ​នីមួយៗ​

ជូនប្រជាពលរដ្ឋ​ប្រកបតម្លាភាព ​និងប្រសិទ្ធភាពខ្ពស់។ ឯក ឧត្តម ក៏បានថ្លែង​អំណរគុណ​ចំពោះ​ការចូលរួម​ពិភាក្សា​ លើកឡើង​​ជា​សំណួរ ​និងការ​ដោះស្រាយចម្ងល់របស់ផ្នែកពាក់ព័ន្ធនានា ក្នុងន័យ​បម្រើតម្រូវការ​ និង លើកកម្ពស់​​ជីវភាព​របស់​ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ៕