(ភ្នំពេញ)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពឯកឧត្តម ហ៊ី សោភា ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ស្របនឹងរដ្ឋធម្មនុញ្ញ។
សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗ ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ នេះបើតាមលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕















