(សៀមិន)៖ នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីដឹកនាំគណៈប្រតិភូ និងតំណាងវិស័យឯកជនកម្ពុជា ចូលរួមក្នុងជំនួបពិភាក្សាតុមូលស្តីពីការវិនិយោគនៅកម្ពុជា ដែលនេះជារបៀបវារៈអមមួយនៃព្រឹត្តិការណ៍ ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងសៀម៉ិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក.អ.ក., នាយកដ្ឋានទំនាក់ទំនងនៃគណៈកម្មាធិការរៀបចំពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន, និងមន្ទីរពាណិជ្ជកម្មក្រុងសៀម៉ិន ដោយមានការសម្របសម្រួលរៀបចំដោយ វេទិកាសេវាសាធារណៈសកលសម្រាប់សហគ្រាសនៃក្រុងសៀម៉ិន, ការិយាល័យទំនាក់ទំនងសេវាកម្មគ្រប់ជ្រុងជ្រោយនៅបរទេសនៃក្រុងសៀម៉ិន ព្រមទាំងក្រុមហ៊ុន Hong-Da Taxation Services (Xiamen) Limited Inc. ក្នុងគោលបំណងកសាងស្ពានចម្លងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្លាស់ប្តូរព័ត៌មានវិនិយោគដោយផ្ទាល់រវាងថ្នាក់ដឹកនាំ និងវិស័យឯកជនកម្ពុជា ជាមួយនិងវិនិយោគិន ព្រមទាំងធុរជនសក្តានុពលក្នុងក្រុងសៀមិន។
ជំនួបពិភាក្សាតុមូលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងប្រកបដោយស្មារតីសហការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលប្រជាជនខេត្តហ្វូជៀន, ថ្នាក់ដឹកនាំរដ្ឋបាលប្រជាជនក្រុងសៀម៉ិន, មន្ត្រីជាន់ខ្ពស់នៃមន្ទីរពាណិជ្ជកម្ម និងការិយាល័យកិច្ចការបរទេសក្រុងសៀម៉ិន ព្រមទាំងតំណាងសមាគមអាជីវកម្ម សហគ្រាសធំៗ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រមាណ ៤០ស្ថាប័ន។
នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់បទបង្ហាញយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយស្តីពីទិដ្ឋភាពទូទៅនៃបរិយាកាសវិនិយោគនៅកម្ពុជា បានគូសរំលេចពីសុខសន្តិភាព ស្ថិរភាពនយោបាន លំនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហរទទួលអ្នកវិនិយោគបរទេស ព្រមទាំងកញ្ចប់លើកទឹកចិត្តវិនិយោគដ៏មានភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់អំពីទិសដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពជាច្រើន ដែលឆ្លើយតបទៅនឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។
ទន្ទឹមនឹងនេះ កម្មវិធីក៏បានរៀបចំវគ្គចែករំលែកបទពិសោធន៍ផ្ទាល់ ដោយមានការចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា ដែលបានចែករំលែកនូវបទពិសោធន៍ជាក់ស្តែង និងនីតិវិធីទូទៅសម្រាប់វិនិយោគិនបរទេស រួមមាន ការចុះបញ្ជីក្រុមហ៊ុន កាតព្វកិច្ចពន្ធដារ បទប្បញ្ញត្តិការងារ ការសហការលើខ្សែច្រវាក់ផ្គត់ផ្គង់ និងទម្រង់នៃភាពជាដៃគូជាមួយសហគ្រាសក្នុងស្រុក។ ជាមួយគ្នានោះ លោក Wang Shuangtao អនុប្រធានក្រុមហ៊ុន Wanli Stone ក៏បានឡើងចែករំលែកបទពិសោធន៍ជោគជ័យជាក់ស្តែងនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងជំរុញទឹកចិត្តដល់សហគ្រិនចិនដែលមានបំណងពង្រីកការវិនិយោគមកកាន់កម្ពុជា។
ជាកិច្ចបញ្ចប់ កម្មវិធីបានឈានចូលដល់វគ្គពិភាក្សា និងការផ្គូផ្គងដៃគូធុរកិច្ច ដែលនៅក្នុងនោះ មន្ត្រីជាន់ខ្ពស់កម្ពុជា និងសហគ្រិនធំៗនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើគម្រោងវិនិយោគជាក់ស្តែង និងកាលានុវត្តភាពកិច្ចសហប្រតិបត្តិការនាពេលអនាគត ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបំផុត៕












