ក្នុងរយៈពេល មួយឆ្នាំពេញនៃប្រតិបត្តិការ អាកាសយានដ្ឋាន អន្តរជាតិតេជោ ទទួលបានអ្នកដំណើររហូតដល់ជាង ២,៤ លាននាក់ និងបានពង្រីកបណ្តាញហោះហើរអន្តរជាតិយ៉ាង មមាញឹក។អ្វីដែលជាមោទកភាពជាតិដ៏ធំធេងនោះ ព្រលានយន្តហោះដ៏ទំនើបរបស់ព្រះរាជាណាចក្រមួយនេះ ត្រូវបាន ស្ថាប័ន Skytrax ចាត់ថ្នាក់ជា «អាកាសយានដ្ឋានថ្មីល្អបំផុត» លេខ ៥ លើពិភពលោកក្នុងឆ្នាំ២០២៦។
គិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការដំបូងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក អាកាសយានដ្ឋានអន្តរជាតិតេជោ បានបំពេញ តួនាទីជាច្រកចេញចូលផ្លូវអាកាសដ៏សំខាន់ និងទំនើបបំផុត របស់កម្ពុជា។ ព្រលានយន្តហោះនេះ ត្រូវបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិបត្តិការផ្លូវអាកាសនៃរាជធានីភ្នំពេញ ត្រូវបានផ្ទេរមក ទីនេះ ទាំងស្រុង ដោយចាប់ផ្តើមជើងហោះហើរដំបូងដោយក្រុមហ៊ុន អាកាសចរណ៍ជាតិ Air Cambodia។ លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ២ ៦០០ ហិកតា ជាមួយទុនវិនិយោគ ២,៣ ពាន់លានដុល្លារ អាកាសយានដ្ឋានកម្រិត 4F មួយនេះ មានសមត្ថភាពទទួលយន្តហោះខ្នាតធំបំផុត ដូចជា Airbus A380 និង Boeing 747 បានយ៉ាងងាយស្រួល។ ក្នុងដំណាក់កាលទី១ ព្រលាននេះអាចទទួលអ្នកដំណើរបានពី ១៣ ទៅ ១៥ លាននាក់ក្នុងមួយឆ្នាំ ហើយមានផែនការពង្រីក សមត្ថភាពជាបន្តបន្ទាប់ រហូតដល់ ៥០ លាននាក់នាពេល អនាគត។
តាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រឹមឆមាសទី១ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរបានប្រមាណ ២,៤ លាននាក់។
បន្ថែមពីលើតួលេខដ៏លេចធ្លោ ផ្អែកលើស្ថាបត្យកម្មដ៏ប្រណីត និងគុណភាពសេវាកម្ម អាកាសយានដ្ឋានអន្តរជាតិតេជោ បានដណ្តើមបានចំណាត់ថ្នាក់លេខ ៥ លើពិភពលោក ក្នុងចំណោម “World’s Best New Airport Terminals 2026” ពីស្ថាប័ន Skytrax World Airport Awards តាមរយៈការរួមបញ្ចូលអត្តសញ្ញាណវប្បធម៌ខ្មែរ ជាមួយភាព ទំនើបស្ដង់ដារអន្តរជាតិ។
ជាការកត់សម្គាល់ ឈានចូលឆ្នាំទី២ ស្ថានីយទំនិញថ្មីលើផ្ទៃដី ៤ ហិកតា ដែលអាចផ្ទុកទំនិញបានកើនឡើងទ្វេដង និងស្ថានីយ VVIP ថ្មី កំពុងឈានទៅបញ្ចប់ការសាងសង់ ដើម្បីដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានថា សមិទ្ធផលឆ្នាំដំបូងនេះ មិនត្រឹមតែជាការបើកដំណើរការអាកាសយានដ្ឋានថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតច្រកទ្វារសេដ្ឋកិច្ចដ៏មានសុវត្ថិភាព និងទំនើបកម្មបំផុត។ ជំហានបន្ត គឺការទាញយកកម្លាំងថាមពលនេះមកប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីផ្សារ វិនិយោគិន និងទេសចរជុំវិញពិភពលោក៕

.j.jpg)
.j.jpg)
.j.jpg)

.j.jpg)
.j.jpg)
.j.jpg)
.j.jpg)

