អគ្គនាយក CMAC បង្ហាញសង្ឃឹមថា យុត្តិធម៌ពិតជាមានចំពោះប្រាសាទព្រះវិហារ​ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត


 យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។

ប្រតិភូរាជរដ្ឋាភិបាលខាងលើ បានថ្លែងអំណរគុណចំពោះអង្គការUNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត​។ ជាមួយគ្នានេះដែរ អង្គភាពCMACបានធ្វើការស្រាវជ្រាវព័ត៌មាននិងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ​ ហើយបានរកឃើញថាទាហ៊ានថៃបានទម្លាក់គ្រាប់បែកនិងបាញ់ប្រហារចំនួន៥០១គោលដៅលើតួប្រាសាទ​ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។ ទន្ទឹមនឹងនេះ​ ក៏អាចកំណត់បានថា​ ការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ​ មានផែនការ​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ ការសម្របសម្រួល​ និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់​ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌពិភពលកដ៏កម្រនិងកំសត់បំផុតមួយនេះ! ។

 ឯកឧត្តម បង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា​ យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ​ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត​ ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ៕