ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមគណបក្សប្រជាជនកម្ពុជា


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី២៧។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិមាន ៧មករា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសិក្ខាកាមជាមន្ត្រីគណបក្ស មកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស សរុបចំនួន ១៣៧រូប។

មុនពេលចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីការឆ្លងកាត់ និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានស្រោចស្រង់ និងកសាងជាតិឡើងវិញ ពីចំណុចសូន្យក្រោយរបបប្រល័យពូជសាសន៍។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្នកជំនាន់ក្រោយត្រូវជួបប្រទះនឹងឧបសគ្គខ្លាំងជាង និងស្មុគស្មាញជាងមុន ក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាព ចំពោះប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ដែលកើតចេញពីការប្រមូលផ្តុំធនធានបញ្ញវ័ន្តដែលនៅសេសសល់ ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបានចូលរួមដោះស្រាយវិបត្តិនយោបាយតាមរយៈរូបមន្តសមាហរណកម្មត្រីភាគី និងការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ដែលមានសម្តេចតេជោជាស្ថាបនិក។ ឯកឧត្តមបញ្ជាក់ថា វិមាន ៧មករានេះ គឺលើសពីសំណង់ដ៏អស្ចារ្យ ព្រោះវាជាកេរមរតកកើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ក្នុងការរក្សាសន្តិភាពសម្រាប់អ្នកជំនាន់ក្រោយទទួលរ៉ាប់រងបន្តនូវជោគវាសនារបស់ប្រទេសជាតិ។

បទឧទ្ទេសនាមនេះ ផ្តោតលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ។ ខ្លឹមសារមេរៀនត្រូវបានបែងចែកជា ៣ផ្នែក រួមមាន៖ (១) ប្រវត្តិនៃការកកើតស្ថាប័នមុខងារសាធារណៈ (២) ប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង និង (៣) កិច្ចការងារពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈ។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ថា «គណបក្សប្រជាជនកម្ពុជាមិនដាក់គោលដៅឈ្នះឆ្នោតត្រឹមតែមួយអាណត្តិម្តងៗនោះទេ ប៉ុន្តែគោលដៅគឺត្រូវឈ្នះឆ្នោត និងបន្តដឹកនាំរដ្ឋាភិបាលជារៀងរហូត ព្រោះថាបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើប្រទេសជាតិ និងប្រជាជន»។ ក្នុងន័យនេះ ឯកឧត្តមបានដាស់តឿន និងសង្កត់ធ្ងន់ទៅកាន់សិក្ខាកាមទាំងអស់ថា ក្នុងនាមជាកម្មាភិបាលមួយរូប ទំនួលខុសត្រូវរបស់ពួកយើងនៅទីនេះ គឺដើម្បីអនាគតរបស់ប្រទេសជាតិផង និងដើម្បីបន្តបុព្វហេតុដ៏ត្រចះត្រចង់របស់គណបក្សផង។ នេះគឺជាអម្រែកដ៏មានតម្លៃ និងជាភារកិច្ចរួមរបស់ពួកយើងទាំងអស់គ្នា ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាឱ្យបាននូវអត្តសញ្ញាណជាខ្មែរ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ភាពជឿជាក់ និងជំនឿទុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ គឺត្រូវតែកសាងជាប្រចាំ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែងតទៅអនាគត៕