ទូតកម្ពុជា៖ កម្មវិធី «ផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អ៊ីសេហារ៉ា–ភូមិកម្ពុជា» ជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា-ជប៉ុន


(ជប៉ុន)៖ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានសម្តែងក្តីសង្ឃឹមថា កម្មវិធី «ផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អ៊ីសេហារ៉ា–ភូមិកម្ពុជា» នឹងបន្តអភិវឌ្ឍទៅជាវេទិកាដ៏សំខាន់មួយក្នុងការតភ្ជាប់ប្រជាជនកម្ពុជា និងជប៉ុន ដែលជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងកម្មវិធី «ផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អ៊ីសេហារ៉ា – ភូមិកម្ពុជា» ដែលបានរៀបចំឡើងនៅទីក្រុងអ៊ីសេហារ៉ា ខេត្តកាណាហ្គាវ៉ា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តម បានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏ល្អប្រសើរ និងយូរអង្វែង រវាងកម្ពុជា និងជប៉ុន ដោយកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតថ្មីមួយក្រោមក្របខណ្ឌ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ឯកឧត្តម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងបន្តរីកចម្រើនលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស អប់រំ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មិនត្រឹមតែត្រូវបានកសាងឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជន សហគមន៍មូលដ្ឋាន និងយុវជនជំនាន់ក្រោយផងដែរ។

ក្នុងបរិបទនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម «ភូមិកម្ពុជា» ដែលជាវេទិកាមួយផ្តល់ឱកាសឱ្យប្រជាជនជប៉ុនបានស្គាល់ និងស្វែងយល់អំពីកម្ពុជាកាន់តែជិតស្និទ្ធ តាមរយៈវប្បធម៌ ប្រពៃណី ម្ហូបអាហារ និងប្រជាជនកម្ពុជា ហើយទន្ទឹមនឹងនេះ ក៏ផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅប្រទេសជប៉ុន ឱ្យចូលរួម និងប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយមិត្តភក្តិជប៉ុន និងសហគមន៍មូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ក៏បានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុន Kojima Holdings ដែលបានយកចិត្តទុកដាក់ និងចូលរួមជាមួយកម្ពុជាជាយូរមកហើយ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការពង្រឹងមិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅប្រទេសជប៉ុនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមរាប់រយនាក់ ដែលរួមមាន លោក Kojima Masanobu ប្រធានក្រុមប្រឹក្សាភិបាល និងលោក Okami Takeshi នាយកតំណាងនៃក្រុមហ៊ុន Kojima Holdings Co., Ltd.; លោក Hagiwara Tetsuya អភិបាលក្រុងអ៊ីសេហារ៉ា; លោក Watanabe Noriyuki សមាជិកសភាខេត្តកាណាហ្គាវ៉ា; តំណាងសហគមន៍កម្ពុជានៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវកិត្តិយសដទៃទៀត និងប្រជាពលរដ្ឋកម្ពុជា និងជប៉ុន។

សូមជម្រាបថា ព្រឹត្តិការណ៍នេះក៏មានសកម្មភាពវប្បធម៌ និងសហគមន៍ជាច្រើន រួមមាន ការសម្តែងរបាំប្រពៃណីខ្មែរ ដោយកុមារកម្ពុជា ការសម្តែងស្គរប្រពៃណីជប៉ុន Wadaiko ការលក់ និងការតាំងបង្ហាញម្ហូបអាហារ និងផលិតផលកម្ពុជា ព្រមទាំងផលិតផលក្នុងស្រុកមកពីទីក្រុងអ៊ីសេហារ៉ា។ សកម្មភាពទាំងនេះបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់ និងទទួលបទពិសោធន៍អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រាស្រ័យទាក់ទង និងចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងប្រជាពលរដ្ឋកម្ពុជា និងសហគមន៍ជប៉ុននៅមូលដ្ឋាន។