(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ទីរអង្គភាព និងអាជ្ញាធក្រុង ស្រុក ត្រូវរៀបចំទូកដើម្បីចូលរួមប្រណាំង នៅក្នុងពិធីបុណ្យអ៊ុំទូកដែលខេត្តតាកែវ នឹងរៀបចំនាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងថា មន្ទីរអង្គភាព និងអាជ្ញាធក្រុង ស្រុក ត្រូវរៀបចំទូក និងកីឡាករប្រណាំងទូកឲ្យបានទាន់ពេលវេលា ក្នុងការចូលរួមប្រណាំងទូក ដែលរដ្ឋបាលខេត្តតាកែវ រៀបចំពិធីបុណ្យអ៊ុំទូក រយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិឆ្ឆិកា ខាងមុខនេះ។
រដ្ឋបាលខេត្តតាកែវ កាលថ្ងៃទី១១ ខែកញ្ញានេះ បានចេញសេចក្ដីជូនដំណឹងថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ និងដើម្បីចូលរួមលើកកម្ពស់វប្បធម៌ទំនៀមទម្លាប់ដ៏ល្អ និងបង្កបរិយាកាសរីករាយជូនសាធារណជន និងប្រជាពលរដ្ឋបានកម្សាន្តសប្បាយ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនៅបឹងតាកែវ ស្ថិតក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យ សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅទីតាំងបរិវេណសួនច្បារមាត់បឹងតាកែវ។
បើតាមសេចក្ដីជូនដំណឹងខាងលើ ក្នុងពិធីប្រណាំងទូកនេះ រដ្ឋបាលខេត្ត គ្រោងរៀបចំឱ្យមានការប្រគុំតន្ត្រីសម័យ សម្តែងសិល្បៈ ការតាំងពិព័រណ៍ និងការតាំងបង្ហាញនូវមុខម្ហូប អាហារ សម្ភារ ផលិតផលភូមិមួយផលិតផលមួយ សម្រាប់ប្រើប្រាស់ផ្សេងៗ ការបាញ់កាំជ្រួចនាពេលរាត្រី វេលាម៉ោង៧៖០០នាទីយប់ផងដែរ៕








