(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC។
ពិធីដែលបង្ហាញពីដំណើរវិវត្តន៍ដ៏ល្អប្រសើរនៃឧស្សាហកម្មយានយន្តនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងមួយចំនួនទៀត ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិក កម្មករ និយោជិតរបស់ក្រុមហ៊ុនជាច្រើនរូប។ អ្នកជំនួញនៅកម្ពុជាជាច្រើនរូប ក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីនេះដែរ។
ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ TH Group ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ អ្នកឯកទេសផ្នែកយានយន្តនៅកម្ពុជា។ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងពិធីចុះហត្ថលេខាទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co.,Ltd. ដំឡើងរថយន្តម៉ាក GAC នៅកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ និងបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០ភាគរយ។
ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើផ្ទៃដីសរុប ១១ហិកតា ក្នុងនោះផ្ទៃរោងចក្រមាន ២.៧ហិកតា ក្រៅពីនោះ គឺជាអគារការិយាល័យ ទីធ្លា និងផ្លូវ។
គម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក GAC និងរថយន្តម៉ាក CHEVROLET ដែលមានសមត្ថភាពផលិតសរុបប្រមាណ ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ៩០ភាគរយ និងនាំចេញ១០ភាគរយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១៩ ៣០០ ០០០ដុល្លារអាម៉េរិក និងប្រើប្រាស់កម្លាំងក្នុងស្រុកសរុបចំនួន ២៥០នាក់ ស្រី២០នាក់ និងអ្នកបច្ចេកទេសបរទេស ២នាក់។
ដោយមានការជួយជ្រោមជ្រែង និងគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងនោះ បន្ទាប់ពីក្រុមហ៊ុនដាក់ដំណើរការសាកល្បងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនដំឡើងសាកល្បងបានរថយន្តសរុប ២១៣គ្រឿង។
ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលជំរុញវិស័យឧស្សាហកម្មធុនធំ និងការប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជាមានកំណើនកាន់តែច្រើនោះ ឧស្សាហកម្មផ្គុំ និងដំឡើងរោងចក្ររថយន្ត ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដែលបច្ចុប្បន្នមានក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តចំនួន១០ក្រុមហ៊ុន ក្នុងចំណោម១៥ក្រុមហ៊ុន កំពុងដំណើរការ។
រោងចក្រផ្គុំ និងដំឡើងរថយន្តដែលកំពុងដំណើរការនៅកម្ពុជានាពេលបច្ចុប្បន្នរួមមាន៖
១៖ ក្រុមហ៊ុន BYD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន បានប្រើទុនវិនិយោគ ៣១,៩៣លានដុល្លារអាមេរិក ផ្តល់ការងារចំនួន ១៦៣នាក់ ស្រី៣៥នាក់ ជនបរទេសចំនួន ១០នាក់។ រោងចក្រនេះ មានសមត្ថភាពផ្គុំ និងដំឡើងរថយន្តតបានប្រមាណ ១០ ០០០គ្រឿងក្នុងមួយឆ្នាំ។ រយៈពេល ៧ខែ ឆ្នាំ២០២៦ ដំឡើងបាន ១ ៤២៨ គ្រឿង តម្លៃសរុប ២៩ ៩៦៥ ៧៨១ដុល្លារ។
២៖ ក្រុមហ៊ុន CAMKO MOTOR CO., LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស នាងកុក កោះកុង ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគដោយជនជាតិកូរ៉េខាងត្បូង មានទុនវិនិយោគ ១០លានដុល្លារអាមេរិក និងផ្តល់ការងារចំនួន ៦៦៥នាក់ ស្រី ៥៣៤នាក់។
ក្រុមហ៊ុនមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តបានប្រមាណ ១៨០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដំឡើងបានសរុប ៣ ២៤៩គ្រឿង មានតម្លៃសរុប ១៧០,៥៨២ ៧២៤ដុល្លារអាមេរិក។
៣៖ ក្រុមហ៊ុន CXD INDUSTRY CO., LTD. មានទីតាំងនៅផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ ផ្គុំ និងដំឡើងរថយន្ត និងម៉ាស៊ីនសម្ភារៈបរិក្ខារ (Minibus, Sedan, SUV, Truck)។ ក្រុមហ៊ុនវិនិយោគដោយអ្នកវិនិយោគចិន មានទុនវិនិយោគ ៦ ២៦៨លានដុល្លារអាមេរិក ផ្តល់ការងារចំនួន ៦៩នាក់ ស្រី ៩នាក់ និង បរទេស ៧នាក់។
ក្រុមហ៊ុន មានសមត្ថភាពផ្គុំ និងដំឡើងរថយន្តប្រមាណ ២ ០០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ ដំឡើងបាន ៩៧១គ្រឿង មានតម្លៃសរុប ១៨ ៦៩៨ ៦០០ដុល្លារអាមេរិក សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៦ ដំឡើងបាន ៣០៨គ្រឿង មានតម្លៃសរុប ៦ ៩០២ ៨០០ដុល្លារអាមេរិក។
៤៖ ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. មានទីតាំងវិនិយោគនៅ តំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនមានទុនវិនិយោគប្រមាណ ១៥ ៨៥០លានដុល្លារអាមេរិក វិនិយោគដោយវិនិយោគិន កូរ៉េខាងត្បូង និងផ្តល់ការងារចំនួន ៩៧នាក់ ស្រី ៣៥នាក់។
ក្រុមហ៊ុនមានសមត្ថភាពផ្គុំ និងដំឡើង រថយន្តប្រមាណ ១ ៨០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដំឡើងរថយន្តតបាន ៣ ៩១៨គ្រឿង មានតម្លៃសរុប ១១៧ ៤៦៥ ៤០០ដុល្លារអាមេរិក។ រយៈពេល ៦ខែ ឆ្នាំ២០២៦ ក្រុមហ៊ុនដំឡើងរថយន្ត បាន១៤៤ គ្រឿង មានតម្លៃសរុប ៧ ៩៩០ ៣០០ដុល្លារអាមេរិក។
ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត (Actyon Sports, Aumark S (Cargo), Aumark S (Chassis), C2, Camry, Coolray, CT200H, D250 With Cargo, D250 Without Cargo, Grand Starex, HS 250H, Lexus GS300, Lexus RX300, Lexus RX330, Monjaro, Musso Grand, N45D (Cargo), NX200T, Prius, Q25D (Cargo), RAV4, Rexton, Rexton Sport, RX350, RX400H, Teraco 250, Tivoli, TM (Cargo), TM (Chassis), Torress)។
៥៖ ក្រុមហ៊ុន GTV MOTOR CO., LTD. មានទីតាំងនៅផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រុមហ៊ុនមានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក វិនិយោគដោយវិនិយោគិនចិន និងផ្តល់ការងារចំនួន ២៤៣នាក់ ស្រី ៥៧នាក់ បរទេស ៤នាក់។
ក្រុមហ៊ុនមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តប្រមាណ ៦ ០០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តបាន ៤ ២២០គ្រឿង មានតម្លៃសរុប ៩១ ៧៣១ ៤៩៣ដុល្លារអាមេរិក។ រយៈពេល ៦ខែ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងបាន ១ ៦០៣គ្រឿង មានតម្លៃសរុប ៣ ៦៥១ ៩២៥ដុល្លារអាមេរិក។
ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត SOBEN/KAIN PHEV/KAIN (GASSOLIN)/KOUPREY/JETTA/DAIN/ SOBEN LITE KOUPREY ZNA/KESSOR PHEV/REACHSEY/CHHYA
៦៖ ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. មានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេសេរ៉ូយ៉ាល់គ្រុប ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមហ៊ុនវិនិយោគដោយអ្នកវិនិយោគកម្ពុជា មានទុនវិនិយោគ ៧លានដុល្លារអាមេរិក ផ្តល់ការងារចំនួន ៩៩នាក់ ស្រី ២៧នាក់។
ក្រុមហ៊ុនមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៧ ០០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តបាន ១ ៦៨៣គ្រឿង មានតម្លៃសរុប ៥១ ៦៣៨ ៥៨៨ដុល្លារអាមេរិក។ រយៈពេល ៦ខែ ឆ្នាំ២០២៦ ដំឡើងបាន ៧២៣គ្រឿង មានតម្លៃសរុប ២១ ៦៦៣ ៧០០ដុល្លារអាមេរិក។
ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត (KIA Carnival 11 Seats, KIA Carnival 7 Seats, KIA Picanto, KIA Sorento, KIA Seltos, KIA Sonet, KIA Tasman, KIA Truck)។
៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនវិនិយោគដោយអ្នកវិនិយោគកម្ពុជា មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក ផ្តល់ការងារ ២៩នាក់ ស្រី ៥នាក់។
ក្រុមហ៊ុនមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៥ ០០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តបាន ៤៦២គ្រឿង តម្លៃសរុប ១០ ០៦២ ៥២៥ដុល្លារអាមេរិក ហើយរយៈពេល ៦ខែ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តបាន ៨៤គ្រឿង មានតម្លៃសរុប ៣ ០៤៤ ៣៤២ដុល្លារអាមេរិក។
ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត ISUZU ប្រភេទរថយន្តដឹក (Isuzu Truck, QMR77F 1.5T, Isuzu Truck, NMR85H 2.5T, Isuzu Truck, NPR71K 3.5T, Isuzu Truck, NQR75L 5T)។
៨៖ ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ផ្លូវជាតិលេខ៥ ភូមិសារវន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនមានទុនវិនិយោគ ២៦,៨លានដុល្លារអាមេរិក និងផ្តល់ការងារចំនួន ៤៣៤នាក់ ស្រី ១១៧នាក់ បរទេស ៦នាក់។
ក្រុមហ៊ុនមានសមត្ថភាពផលិតរថយន្តបានប្រមាណ ១៣ ៥៥២គ្រឿង។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត បាន ២០ ៤៩០គ្រឿង មានតម្លៃសរុប ៤៦៨ ៩២៥ ២៤៧ដុល្លារអាមេរិក។ រយៈពេល ៦ខែ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត បាន ៥,៩៦០គ្រឿង មានតម្លៃសរុប ១៦១ ៤៣៣ ៨៨៨ដុល្លារអាមេរិក។
ក្រុមហ៊ុនផលិតរថយន្តម៉ាក Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Everest, Ford Everest Sport, Ford Territory Titanium X។
៩៖ ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD. មានទីតាំងនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុនវិនិយោគដោយអ្នកវិនិយោគកម្ពុជា មានទុនវិនិយោគ ១៩,៣លានដុល្លារអាមេរិក និងផ្តល់ការងារ ២៥០នាក់ ស្រី ២០នាក់ បរទេស២នាក់។
ក្រុមហ៊ុនមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តបានប្រមាណ ២ ០០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងសាកល្បងបានចំនួន ២១៣គ្រឿង។
១០- ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមហ៊ុនវិនិយោគដោយអ្នកវិនិយោគជប៉ុន និងកម្ពុជា មានទុនវិនិយោគ ២៣លានដុល្លារអាមេរិក និងផ្តល់ការងារចំនួន ១៤២នាក់ ស្រី ២៤នាក់ បរទេស ៣នាក់។
ក្រុមហ៊ុនមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៤ ៤០០គ្រឿងក្នុងមួយឆ្នាំ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តបាន ៦ ៥០៦គ្រឿង មានតម្លៃសរុប ២៦១ ៤៣០ ៧៤៥ដុល្លារអាមេរិក។ រយៈពេល ៦ខែ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តបាន ១ ៩៨០ គ្រឿង មានតម្លៃសរុប ៧៨ ៦៤៧ ៨១៧ដុល្លារអាមេរិក។
ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តម៉ាក Toyota Fortuner, Toyota Hilux និងToyota Hilux Travo៕





