ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋដែលជាភាគីទំនាស់ទាំងសងខាង ត្រូវរួមសុខរួមទុក្ខ ស្រលាញ់គ្នាជាគ្រួសារតែមួយ


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋដែលជាភាគីទំនាស់ទាំងសងខាង ត្រូវរួមសុខរួមទុក្ខ ស្រលាញ់គ្នាជាគ្រួសារតែមួយ និងចេះរួបរួមសាមគ្គីគ្នា រាប់អានគ្នា ចងគ្នាជាធ្លង់មួយ កុំឲ្យសត្រូវមកបំបែកបាន។ ជាក់ស្តែងបើភាគីទំនាស់ទាំងសងខាង មិនបើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ អ្នកខុសត្រូវទទួលខុស រីឯអ្នកមានត្រូវចែករំលែកឲ្យក្រ និងសម្បទានឲ្យគ្នាទៅវិញទៅមកទេនោះ ទំនាស់ទាំងនោះនឹងបន្ត គ្មានថ្ងៃបញ្ចប់បានទេ ហើយនឹងអាចឈានទៅដល់ការខាតបង់ទ្រព្យសម្បត្តិបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើបែបនេះ នៅសាលប្រជុំសាលាស្រុកបាកាន ក្នុងឱកាសចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លី និងវិវាទ ៨ករណីផ្សេងគ្នា ដោយបានការចូលរួមពី លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត លោក លៀម ប៊ុនរឿម ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត មន្ត្រីភូមិបាលស្រុក អាជ្ញាធរស្រុក ឃុំ និងភាគីទំនាស់យ៉ាងច្រើនកុះករ។

ផ្អែកតាមការសម្របសម្រួលដ៏មានប្រសិទ្ធភាព បានធ្វើឲ្យប្រជាពលរដ្ឋដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ សម្តែងនូវទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕