រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តន៍គោលនយោបាយ “ភូមិ ឃុំមានសុវត្តិភាព”


ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាល ខេត្ត​កំពង់ធំ​បានរៀបចំកិច្ច​ប្រជុំបូក​សរុប​លទ្ធផល​នៃការចាត់តាំង​អនុវត្តន៍គោលនយោបាយ “ភូមិ ឃុំ​មានសុវត្តិភាព”​ រយៈពេល​ ៩ខែ ឆ្នាំ២០១៧ ​និ​ងទិសដៅ​អនុវត្តន៍​បន្តសម្រាប់ ​រយៈពេល ៩ខែ ឆ្នាំ២០១៨​ក្រោមអធិបតីភាព​ ឯកឧត្តម ​ឡុង ផល​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឈុន ឈន់​ ប្រធានក្រុម ​ប្រឹក្សាខេត្ត ​និង​ឯកឧត្តម ​សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការ​អញ្ជើញ​ចូលរួម​ពី ​ឯកឧត្តម​ លោកជំទាវ ​អភិបាល​រងខេត្ត​ ​លោក លោកស្រី​ប្រធានអង្គភាពមន្ទី ​កងកម្លាំង ប្រដាប់អាវុធ ​អភិបាល ​អភិបាលរងក្រុង ​ស្រុក ប្រមាណជាង ៣០០នាក់។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្ត បានធ្វើរបាយការណ៍ថារយៈពេល ៩ខែ ក្នុងឆ្នាំ​២០១៧នេះ​ បទល្មើសព្រហ្ម​ទណ្ឌ​កើតឡើង​ចំនួន ​៥៩លើ៥៤ករណី​ប្រៀបធៀបរយៈពេល ៩ខែ​ ឆ្នាំ២០១៦​ កើនឡើង ​៥ករណី ​ស្មើនឹង ​៩ភាគរយ ​កើតឡើងលើ​ ៤១លើ៨១ ឃុំ-សង្កាត់ បណ្តាល​ឱ្យមនុស្ស​ស្លាប់០៤នាក់​ របួស ​៣៤នាក់ ​រងគ្រោះ ​ចំនួន ០៤នាក់ បាត់ម៉ូតូចំនួន ១៤គ្រឿង និងទ្រព្យ​សម្បត្តិ​មួយចំនួនទៀត។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ជា​មួយ​​សភាពការណ៍​ វិវត្តន៍នៃ​ស្ថានភាព​សង្គមបច្ចុប្បន្ន​ ដែលត្រូវបានដាក់ជាសកម្ម ភាពស្នូល​នៃ​ចលនា​ការពា​សន្តិសុខ ​សណ្តាប់ធ្នាប់ ​ដោយឆ្លងកាត់​សកម្មភាព​ការងារ​ និងចាត់តាំងអនុវត្តន៍ បាន​នាំ​មកនូវភាព​ជោគជ័យ ​និងប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​ ភូមិ ឃុំ មានសុវត្ថិភាព កើត​ចេញ​ពីការខិតខំ​ប្រឹងប្រែង​របស់យើង​ទាំងអស់គ្នា។ ត្រូវបន្តពង្រឹង​អនុវត្តន៍​ការងារ​ទ្វេដង​ដើម្បី​ថែរក្សា​ ការពារសុខ​ សុវត្ថិភាពជូន​ប្រជាពលរដ្ឋ​ ត្រូវធ្វើការផ្សព្វផ្សាយឱ្យត្រូវចំណុច ចំគោលដៅ​ដើម្បី​ទទួល​បានចំណាត់​ថ្នាក់ល្អ។

ឯកឧត្តម ឡុង ផល បានថ្លែងអំណរគុណដល់អភិបាលខេត្តកំពង់ធំ និងកងកម្លំាងទាំង អស់ ដែល​មាន​សាមគ្គីភាព ​ឯកភាពផ្ទៃ​ក្នុងបានល្អ ​ក្នុងការថែរក្សាការពារ​សុខសន្តិភាពបានល្អ និងធ្វើការផ្សព្វ​ផ្សាយ​អប់រំ​ដល់ប្រជាពលរដ្ឋឱ្យបានយល់ ​ដូចជាច្បាប់​ចរាចរណ៍​ផ្លូវគោក​ និងគ្រឿងញៀន គ្រឿង​ស្រវឹង​ នៅតាមភូមិ​ វត្តអារាម ​សាលារៀន​ ទីប្រជុំជនពេលមាន​ពិធីបុណ្យទាន ឬ ពិធីរៀប​អាពាហ៍​ពិពាហ៍​ និងពិធីផ្សេងៗ​ទៀតដែលចាក់​ធុងបាស់ ​រាំលេងកម្សាន្ត ​ត្រូវធ្វើដូចភ្លៀងរលឹម។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមទៀតថា សូមកងកម្លាំងសមត្ថកិច្ចទំាងអស់ មិន ត្រូវ​យក​តួនាទី​របស់ខ្លួន​ទៅប្រព្រឹត្ត​នូវបទល្មើស​ផ្សេងៗ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការរស់​នៅ​របស់​ប្រជា​ពលរដ្ឋនិងធ្វើឱ្យពួក​មិនសប្បាយ​​ចិត្ត។ ចំពោះការដាក់​ប៉ុស្តិ៍ត្រួតពិនិត្យ​ចរាចរណ៍​ត្រូវ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​ ចំគោលដៅ​ និងផ្សា​ភ្ជាប់​​សាមគ្គីភាព​ជាមួយ​សហគមន៍ ត្រូវបង្កើនការប្រមូលផ្តុំដឹក​នាំ​មូល​ដ្ឋាន​ឱ្យចូលរួម​សកម្មក្នុងការ​ថែទាំរក្សា​​សន្តិ​សុខ​ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងខិតខំ​ដោះ​ស្រាយ​នូវ​រាល់សំណូម​ ពរដែលប្រជាពលរដ្ឋ​បាន​លើក​ឡើង​ ឱ្យបានទាន់​ពេលវេលា​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ ៕