(ភ្នំពេញ)៖ ពីប្រទេសដែលបានប្រយុទ្ធប្រឆាំង និងបង្ក្រាបដ៏ខ្លាំងក្លាលើជម្រកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅស្កេម ដែលជាបញ្ហាស្មុគស្មាញមួយរបស់ពិភពលោកនោះ កម្ពុជា ទទួលបានសេចក្តីទុកចិត្តផ្តល់តួនាទីឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សន្និសីទកម្រិតអន្តរជាតិមួយនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៣ ហើយបិទបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ សន្និសីទនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោកក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ពិធីបើកសន្និសីទដ៏មានសារៈសំខាន់នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមេដឹកនាំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសំអាត និងឈានទៅកម្ទេចឱ្យអស់ទាំងស្រុងនូវសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីលើទឹកដីកម្ពុជា។
សន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ រួមមានថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រីមកពី១៦ប្រទេស និងមន្ត្រីបច្ចេកទេសមកពី ១៤ប្រទេសបន្ថែមទៀត ព្រមទាំងតំណាងពីអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) និងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។ ប្រទេសដែលចូលរួមមានកម្ពុជាជាម្ចាស់ផ្ទះ ចិន សហរដ្ឋអាមេរិក ដែលមានការចូលរួមពី FBI មួយផ្នែក និងចក្រភពអង់គ្លេស ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសនៅទូទាំងអាស៊ី។
បន្ទាប់ពីពិធីបើកនាព្រឹកថ្ងៃនេះ សន្និសីទរយៈពេលពីរថ្ងៃនេះ នឹងមានវេទិកាជជែកពិភាក្សាសំខាន់ៗអមមួយចំនួនទៀតរួមមាន៖ ការជជែកលើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាបន្ទាន់ក្នុងសាកលលោក, ការឆ្លើយតបក្នុងតំបន់ និងសាកលលោក ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បច្ចេកវិទ្យា ការបង្ការ និងភាពធន់ប្រព័ន្ធសាយប័រ និង កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅខាងមុខ។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាវិបត្តិសាកល និងបានជះផលប៉ះពាល់ដល់បុគ្គលរាប់លាននាក់ ក៏ដូចជាអាជីវកម្ម និងស្ថាប័នជាច្រើន នៅគ្រប់តំបន់នៃពិភពលោក។ ការឆបោកតាមបែបប្រពៃណី បានវិវត្តប្រែក្លាយទៅជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងការងារដោយបង្ខំ ការសម្អាតប្រាក់ រំហូរហិរញ្ញវត្ថុខុសច្បាប់ បទល្មើសហិរញ្ញវត្ថុដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើប្រាស់ដោយខុសគោលដៅនូវបច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត(AI) បច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (Deepfake) រូបិយប័ណ្ណគ្រីបតូ(Cryptocurrencies) និងថ្នាលឌីជីថលនានា។
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ វេទិកាបណ្តាញទំនាក់ទំនងសង្គម និងការទំនាក់ទំនងឆ្លងដែន បានផ្តល់លទ្ធភាពឱ្យបណ្តាញឧក្រិដ្ឋជនអាចធ្វើប្រតិបត្តិការឆ្លងកាត់ដែនសមត្ថកិច្ចនានា បានយ៉ាងឆាប់រហ័ស ទូលំទូលាយ និងដោយមានការសម្របខ្លួន ដែលមិនធ្លាប់មានពីមុនមក។ បណ្តាញឧក្រិដ្ឋជនទាំងនោះ បានទាញប្រយោជន៍ពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា កង្វះមូលដ្ឋានច្បាប់ ប្រព័ន្ធហិរញ្ញវត្ថុ និងភាពងាយរងគ្រោះរបស់មនុស្ស ដែលបង្កឱ្យមានការខាតបង់ដល់សេដ្ឋកិច្ច និងផលប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក។
លើសពីការឆបោកខាងហិរញ្ញវត្ថុ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងទៅលើសន្តិសុខជាតិ ស្ថិរភាពសេដ្ឋកិច្ច ទំនុកចិត្តសាធារណៈ អភិបាលកិច្ចឌីជីថល និងសន្តិសុខមនុស្ស។ ភាពប្រសព្វគ្នារវាងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ក្រុមមានអង្គការចាត់តាំង ការជួញដូរមនុស្ស និងបណ្តាញហិរញ្ញវត្ថុខុសច្បាប់ បានបង្កើតជាបញ្ហាប្រឈមសាកលពហុវិមាត្រមួយ ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងប្រកបដោយប្រសិទ្ធភាពបានឡើយ។
ដោយទទួលស្គាល់ពីភាពចាំបាច់បន្ទាន់នៃសន្តិសុខសាកល តម្លៃនៃកេរ្តិ៍ឈ្មោះ និងការវិវឌ្ឍនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងតម្រូវការបន្ទាន់ក្នុងការពង្រឹងសកម្មភាពសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងមាំ ទើបមានការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយមានកិច្ចសហការគាំទ្រពី មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (UNODC-ROSEAP)។
សន្និសីទនេះ នឹងផ្ដល់ជាវេទិកាសម្រាប់កិច្ចសន្ទនា ការកសាងភាពជាដៃគូ និងការធ្វើសកម្មភាពរួមរវាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
សន្និសីទនេះ មានគោលបំណងធំៗចំនួន៣រួមមាន៖ ១) សិក្សាពីឫសគល់ និងការវិវត្តនៃបណ្តាញឆបោក រួមទាំងការប្រឈម និងបច្ចេកវិទ្យាថ្មីៗដូចជា AI Deepfake និង Cryptocurrencies, ២) បង្កើនការចែករំលែកព័ត៌មាន កិច្ចសហការអនុវត្តច្បាប់ និងការស៊ើបអង្កេតហិរញ្ញវត្ថុអន្តរជាតិ និងទី៣) ពង្រឹងក្របខណ្ឌច្បាប់ការពារជនរងគ្រោះ និងអនុវត្តអភិក្រម «រដ្ឋាភិបាលទាំងមូល» និង «សង្គមទាំងមូល»។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កម្ពុជា រីករាយដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា ការរៀបចំសន្និសីទអន្តរជាតិនេះ ក៏ជាឱកាសដែលកម្ពុជាបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាចេញពីប្រទេសរងគ្រោះ ដែលប្រឈមនឹងបញ្ហា និងចាត់វិធានការ ព្រមទាំងជាគំរូមួយក្នុងការចែករំលែកបទពិសោធន៍ទៅបណ្តាប្រទេសផ្សេងៗថា ក្នុងរយៈពេលខ្លីកម្ពុជាឈានទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ច្រើនករណី។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា «ព្រឹត្តិការណ៍នេះ គឺចង់បង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជា ជាប្រទេសដែលរង់គ្រោះដោយសារតែបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះកម្ពុជា ត្រូវស្តារមុខមាត់របស់ខ្លួនឡើងវិញ។ កម្ពុជា ត្រូវទាមទារកិត្តិយសរបស់ខ្លួនឡើងវិញ តាមរយៈកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល បង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ចាប់តាំងពីអាណត្តិទី៦មក រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់អាណត្តិទី៧ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានរចនាសម្ព័ន្ធស្មុគស្មាញ ហើយមានមូលដ្ឋាននៅបណ្តាញប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។
ដើម្បីបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងនូវច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់ពីច្បាប់នេះ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រតិបត្តិការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លាបំផុត។
មេខ្លោងធំៗនៃការប្រព្រឹត្តបទល្មើសស្កេមត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅស្រុកកំណើតរបស់ពួកគេមានដូចជា លោក ចេនហ្ស៊ី ថៅកែក្រុមហ៊ុនព្រីន និងបក្ខពួករបស់ពួកគេជាច្រើនរូបទៀត។ មិនត្រឹមតែមេខ្លោង និងពាក់ព័ន្ធប្រព្រឹត្តបទល្មើសជាជនបរទេសនោះទេ ដែលត្រូវបានចាត់វិធានការ ក្នុងនោះក៏មានមន្ត្រីជាស៊ីវិល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាជាច្រើនរូប ក៏ត្រូវបានចាត់វិធានការដែរ។
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានឆ្មក់ចូលទីតាំងសង្ស័យ ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន ៦៦៣ទីតាំង លុបបំបាត់មណ្ឌលឆបោកបានចំនួន៨៦កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩សញ្ជាតិ។ បុគ្គលជាង ២២ ០០០នាក់ មកពី ៣៨ប្រទេស ត្រូវបានចាប់បញ្ជូនទៅប្រទេសដើម ខណៈមនុស្សជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការ នៃការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។
លើសពីនេះ សំណុំរឿងចំនួន៤៤៦ករណី ត្រូវបានបញ្ចូនទៅតុលាការ ពាក់ព័ន្ធជនត្រូវចោទ ៣,៩២៧នាក់ មាន ២៩សញ្ជាតិ ខណៈការស៊ើបអង្កេតបន្ថែមលើអ្នកជាប់ពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់កំពុងបន្ត។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តច្បាប់នឹងនៅតែម៉ឺងម៉ាត់ មានតម្លាភាព និងស្របនឹងនីតិវិធីត្រឹមត្រូវ ព្រមទាំងធានានូវការការពារផ្នែកច្បាប់សមស្របសម្រាប់ជនរងគ្រោះ និងភាគីផ្ដល់កិច្ចសហការ។ អាជ្ញាធរពាក់ព័ន្ធ បន្តតាមដាន និងត្រួតពិនិត្យទីតាំងសង្ស័យ ដើម្បីបង្ការការប្រើប្រាស់ទីតាំងទាំងនោះសម្រាប់ការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់ ការភ្នាល់ និងប្រតិបត្តិការឆបោក។
យុទ្ធនាការនេះក៏កំពុងត្រូវបានអនុវត្តរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ រួមទាំងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងមន្ត្រីដែលសង្ស័យមានជាប់ពាក់ព័ន្ធ ឬសម្របសម្រួលដល់សកម្មភាព ឧក្រិដ្ឋកម្មនេះ។
ទេសរដ្ឋមន្ត្រី បានទទួលស្គាល់ថា ខណៈដែលទីតាំងឆបោកធំៗទាំងអស់ ត្រូវបានលុបបំបាត់ បណ្តាញឧក្រិដ្ឋជនបានសម្របខ្លួនដោយការផ្លាស់ប្ដូរប្រតិបត្តិការទៅកាន់ទីតាំងតូចៗ និងរាយប៉ាយជាងមុន រួមមានផ្ទះសំណាក់ អចលនទ្រព្យជួល យានយន្ត និងហាងកាហ្វេ ដែលធ្វើឱ្យការស្វែងរកមានការលំបាក។ ហេតុដូចនេះ អាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅតែមានការប្រុងប្រយ័ត្នក្នុងការកំណត់ អត្តសញ្ញាណ និងលុបបំបាត់ប្រតិបត្តិការឆបោកនេះ ស្របពេលជាមួយគ្នានេះក៏ត្រូវលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងដោះស្រាយភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់។
សូមបញ្ជាក់ថា ជាមួយប្រតិបត្តិការបោសសំអាតបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ថវិកាជាង ៣០០លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានបង្កក ខណៈទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត ត្រូវបានបន្តនីតិវិធីបង្កក និងវាយតម្លៃជាបន្តបន្ទាប់៕

