ពិព័រណ៍ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំ TELMIN


នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារ អប្សរាផាលេសរីសត ខេត្តសៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់តាំងបង្ហាញប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិតលក្ខណៈបច្ចេកទេសយានជំនិះ និងកម្មវិធីទ្រឹស្តីនៃការបើកបរ នៅក្នុងកិច្ចប្រជុំ THE 17TH ASEAN TELECOMMUNICATIONS &INFORMATION TECHNOLOGY MINISTER (TELMIN) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្ដីនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ។
នៅក្នុងកម្មវិធីពិព័រណ៍នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែកជូននូវខិត្តបណ្ណព័ត៌មានអំពី ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈរបស់ខ្លួនរួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិតលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់បណ្ណបើកបរ និងកម្មវិធីទ្រឹស្តីនៃការបើកបរ។ ក្រៅពីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ក្រសួងក៏បានរៀបចំកម្មវិធីឆ្លើយសំនួរនៅក្នុងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទស្មាតហ្វូន ដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាពផងដែរ។

\