ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យប្រឡាយ៧៨ ដើម្បីត្រៀមលក្ខណៈដោះទឹកចេញពីស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ


នាថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពប្រឡាយ៧៨ ដែលជាប្រព័ន្ធដោះទឹកចេញពីស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតនាពេលបច្ចុប្បន្នមានសុវត្ថិភាព និងស្ថិរភាពល្អ ដោយពុំទាន់មានបញ្ហាចោទឡើងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងចាំបាច់ត្រូវរៀបចំប្រឡាយ៧៨ ឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈ និងបង្កើនប្រសិទ្ធភាពក្នុងការរំដោះទឹកចេញពីស្ទឹងព្រែកត្នោត។

ឯកឧត្តមបានបន្ថែមថា ប្រឡាយ៧៨នេះ ដើរតួនាទីយ៉ាងសំខាន់ និងមានសក្តានុពលក្នុងការរំដោះទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចែកចាយតាមប្រឡាយរង និងបញ្ជូនចូលទៅអាងទន្លេបាទី ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្រោចស្រពលើវិស័យកសិកម្ម ដំណាំរួមផ្សំ និងសម្រាប់បម្រើឱ្យគោលបំណងពហុវិស័យ៕