នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្មការងារនៅស្រុកវាលវែងរួចមក, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបន្តចុះត្រួតពិនិត្យដោយផ្ទាល់ លើការរៀបចំជួសជុល និងកែលម្អបន្ទប់ទឹក ស្ថិតនៅក្នុងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការចុះពិនិត្យដោយផ្ទាល់នាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថាន សុខុមាលភាព ព្រមទាំងផ្តល់ភាពងាយស្រួលដល់ការសិក្សារៀនសូត្រ របស់សិស្សានុសិស្ស និងការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូ នៅក្នុងគ្រឹះស្ថានសិក្សា។
នៅក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់ និងបានផ្ញើសារចលនាជំរុញយ៉ាងមុតមាំ ដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ ក្នុងខេត្តពោធិ៍សាត់ ត្រូវខិតខំប្រឹងប្រែងរៀបចំ និងកែលម្អបន្ទប់ទឹកអនាម័យ នៅតាមសាលារៀងៗខ្លួនឱ្យបានស្អាតល្អ ដោយត្រូវបញ្ចប់កិច្ចការងារនោះឱ្យបានរួចរាល់ជាស្ថាពរ មុនឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ចូលមកដល់ ដើម្បីត្រៀមទទួលស្វាគមន៍សិស្សានុសិស្សក្នុងបរិស្ថានសិក្សាស្រស់ស្អាត និងមានអនាម័យខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់អំពីគុណប្រយោជន៍ដ៏សំខាន់ នៃការរៀបចំបន្ទប់ទឹកដាច់ដោយឡែក រវាងប្រុស-ស្រី និងការបំពាក់កន្លែងលាងសម្អាតដៃត្រឹមត្រូវថា ការរៀបចំបន្ទប់ទឹកប្រុស-ស្រីដាច់ដោយឡែកពីគ្នា មិនត្រឹមតែផ្តល់នូវភាពងាយស្រួល សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងឯកជនភាពដល់សិស្សានុសិស្ស ជាពិសេសសិស្សស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការចូលរៀនបានទៀងទាត់ផងដែរ។
ដោយឡែក ការរៀបចំឱ្យមានអាង ឬកន្លែងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានស្អាតបាតជាប្រចាំ គឺជាវិធានការការពារសុខភាពដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្សេងៗ ជួយឱ្យសិស្សានុសិស្សបង្កើតទម្លាប់រស់នៅស្អាត អនាម័យល្អ និងមានកាយសម្បទារឹងមាំ ក្នុងការសិក្សា។
បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យគ្រប់សាលារៀនទាំងអស់ ក្រៅពីកិច្ចការងាររៀបចំសោភណ្ឌភាព បរិស្ថានជុំវិញសាលាឱ្យមានបៃតង និងខ្យល់អាកាសបរិសុទ្ធ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងខិតខំពង្រឹងគុណភាពនៃការបង្រៀន និងរៀន ដើម្បីប្រែក្លាយសាលារៀន ឱ្យទៅជាបរិស្ថានសិក្សាដ៏មានប្រជាប្រិយភាព និងប្រកបដោយគុណភាពខ្ពស់ សម្រាប់សមាសធាតុធនធានមនុស្សជំនាន់ក្រោយ៕


















