ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ ពាណិជ្ជកម្ម និងអប់រំ


ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Jae-young ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក នៅទីស្នាក់ការក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុងផ្យង់ថេក លើវិស័យការងារ ពាណិជ្ជកម្ម និងអប់រំ។

ក្នុងឱកាសនៃជំនួប ឯកឧត្តម ឃួន ផុនរតនៈ បានជម្រាបជូនលោក Choi Jae-young អំពីស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរនៅក្នុងតំបន់ផ្យង់ថេក ព្រមទាំងបានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុងផ្យង់ថេក និងបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ ពាណិជ្ជកម្ម និងអប់រំ រវាងស្ថាប័នរដ្ឋ និងឯកជននៃក្រុង-ខេត្តរបស់កម្ពុជា និងក្រុងផ្យង់ថេក។

ឯកឧត្តមឯកអគ្គរាជទូត បានស្នើឲ្យលោក Choi Jae-young ពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូក្រុមហ៊ុនកូរ៉េនៅក្រុងផ្យង់ថេក ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរបានជួបពិភាក្សា ស្វែងរកដៃគូអាជីវកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ជាការឆ្លើយតប លោក Choi Jae-young បានលើកឡើងថា កម្ពុជា និងកូរ៉េ មានលក្ខណៈស្រដៀងគ្នាមួយចំនួន ដែលអាចបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកបាន។ លោកបានបញ្ជាក់ថា ក្រុងផ្យង់ថេក ដែលពីមុនមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្ម បច្ចុប្បន្នបានប្រែក្លាយជាទីក្រុងឧស្សាហកម្ម ដែលជំរុញឱ្យសេដ្ឋកិច្ចក្រុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក Choi Jae-young បានបន្ថែមថា ក្នុងអាណត្តិរបស់លោក លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនរួមគ្នារវាងកម្ពុជា និងកូរ៉េ៕